(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាស្គាល់កញ្ញា ឌី លីកា ច្បាស់ហើយ នាងគឺជាបវរឿងហ្នឹងកញ្ញាម្នាក់ ដែលធ្លាប់តំណាងប្រទេសកម្ពុជា ទៅប្រកួតក្នុងកម្មវិធី «Miss Grand International» នៅប្រទេសមីយ៉ាន់ម៉ា។ ក្រោយបញ្ចប់ការប្រកួតក្នុងកម្មវិធីមួយនេះ ទស្សនិកជនសង្កេតឃើញថា នាងបានចូលរួមសម្តែងរឿងភាគខ្មែរមួយ ចំណងជើងថា 

«សន្យារ»។ អ្វីដែលគ្រប់គ្នា ចាប់អារម្មណ៍នោះ គឺក្រោយបញ្ចប់ការថតរឿងនេះ ហាក់នាងហាក់បាត់មុខតែម្តងពីវិស័យសិល្បៈ ដោយបង្វែរទៅចាប់យកមុខរបររកស៉ីវិញម្តង។ តើនាងសម្រេចឈប់ពីអាជីពសិល្បៈឬយ៉ាងណា?

តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ឌី លីកា «Miss Grand Cambodia» ២០១៨ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលឱកាសមកបកស្រាយមន្ទិលសង្ស័យរបស់ទស្សនិកជន ក្រោយពីបាត់មុខនាងមួយរយៈធំពីការងារសិល្បៈ។ ឌី លីកា បានឲ្យដឹងថា តាំងពីបញ្ចប់ការប្រកួតបវរកញ្ញាមក នាងបានចូលរួមសម្តែងរឿងមួយ គឺ «សន្យារ» ក្រោយមកក៏ឈប់ទទួលការថតរឿងភាគតែម្តង បើទោះបីជាមានបណ្តាផលិតករនានា ទាក់ទងមកឲ្យនាងសម្តែងជាហូរហែក្តី។

កញ្ញា ឌី លីកា បានបញ្ជក់ថា មូលហេតុដែលនាងមិនសូវលេចមុខក្នុងរឿងភាគនោះ គឺដោយសារតែបច្ចុប្បន្ននេះ នាងផ្អាកទទួលការថតរឿងភាគ ដោយបង្វែរទៅរកមុខជំនួញលក់អនឡាញវិញម្តង តែមិនបានន័យថានាងឈប់ពីការងារសិល្បៈនោះដែរ។ នាងថា ការផ្អាកទទួលព្រោះតែការថតរឿង គឺចំណាយពេលច្រើនថ្ងៃ ឬអាចឈានទៅដល់ខែ ទំរាំបញ្ចប់ការថតមួយរឿងៗ ដូច្នេះគ្មានពេលវេលាមកពង្រឹងមុខជំនួញ។ ទន្ទឹមគ្នានេះ អ្វីដែលនាងទទួលនោះ គឺភាគច្រើនមានតែថតម៉ូដែល និងសំអាងការប៉ុណ្ណោះ ព្រោះតែការងារនេះចំណេញពេលយ៉ាងយូរមួយថ្ងៃ គឺធ្វើរួចរាល់ និងអាចមានពេលវេលាច្រើនមកលើមុខរបរផ្ទាល់ខ្លួន។

យ៉ាងណាមិញ ងាកមកជីវិតឯកជនវិញ បវរកញ្ញាស្រស់សោភារូបនេះ ហាក់មិនលាក់បាំងមហាជនឡើយ។ តាមរយៈការឆ្លើយឆ្លងជាមួយពិធីករក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ឌី លីកា បង្ហើបថានាងមានគូដណ្តឹងរួចហើយ តែមិនទាន់កំណត់ពេលវេលាចូលរោងជ័យនៅឡើយទេ ត្បិតពេលនេះចង់ឲ្យមុខរបបលក់អនឡាញរបស់នាងមានភាពរីកចម្រើនសិន។

គួរជម្រាបថា កញ្ញា ឌី លីកា ត្រូវបានទស្សនិកជនខ្មែរស្គាល់គ្រប់គ្នា និងមានភាពល្បីល្បាញខ្លាំងនៅពេលដែលនាងបង្ហាញវត្តមានលើឆាកអន្តរជាតិ ក្នុងនាមតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតក្នុងកម្មវិធី «Miss Grand International» ឆ្នាំ២០១៨ ដែលមានប្រទេសមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីបញ្ចប់កម្មវិធីនេះ ឌី លីកា ត្រូវបានអ្នកគាំទ្រតាមដានសកម្មភាពនាងជានិច្ច មិនថាការងារសិល្បៈ ឬក្រៅសិល្បៈឡើយ៕