(អាមេរិក)៖ សមាជិកសភាអាមេរិក បានសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកាចំនួន ១.៩ពាន់លានដុល្លារអាមេរិក ជាប្រាក់ជំនួយសម្រាប់ដក និងផ្លាស់ប្ដូរឧបករណ៍ទូរគមនាគមន៍ក្រុមហ៊ុន Huawei Technologies Co និង ZTE Corp ចេញពីទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមាករចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បាននិយាយកាលពីខែមិថុនាថា ការប្រើប្រាស់បណ្ដាញឧបករណ៍ទូរគមនាគមន៍ របស់ក្រុមហ៊ុនចិនធំៗទាំងពីរខាងលើគឺបង្កជាហានិភ័យដល់សន្តិសុខជាតិអាមេរិក និងបានស្នើសុំសភាអាមេរិកដើម្បីផ្លាស់ប្ដូរ ឧបករណ៍ទាំងនោះចេញ ដោយតាមគម្រោងអាចនឹងចំណាយថវិកាច្រើនសន្ធឹក រហូតដល់ ៨.៣ពាន់លានដុល្លារអាមេរិក។
នៅដើមខែធ្នូនេះ FCC បានប្រកាសម្ដងទៀតថា សភាអាមេរិបានសម្រេចក្នុងការផ្ដល់ជំនួយជាថវិកាដើម្បីផ្លាស់ប្ដូរឧបករណ៍ របស់ចិនទាំងពីរនេះចេញ ដែលគ្រោងនឹងអនុវត្តឆាប់ៗនេះ និងបាននិយាយថា វាគឺជាការផ្លាស់ប្ដូរមួយធំនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីសន្តិសុខជាតិ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Huawei បាននិយាយកាលពីដើមខែនេះថា វាជារឿងមួយដែលមិនយុត្តិធម៌ និងមិនតម្លាភាពសោះ ព្រោះការចោទប្រកាន់របស់អាមេរិកគឺគ្មានភស្ដុតាងច្បាស់លាស់ ផ្ទុយទៅវិញគឺបានបង្កចលាចលដល់សង្គមជាតិថែមទៀតផង៕