(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United បានឡើងមកតំណែងលេខ៣បណ្តោះអាសន្នវិញក្នុងតារាងលីគអង់គ្លេស Premier League រដូវកាលនេះ ក្រោយយកឈ្នះក្រុម Leeds United ក្នុងលទ្ធផលយ៉ាងល្អ ៦-២ នៃការប្រជែងក្នុងសប្តាហ៍ទី១៤ ជើងទី១ ខណៈខ្សែបម្រើ Scott McTominay និង Bruno Fernandes រកបានម្នាក់ ២គ្រាប់ក្នុងកីឡដ្ឋាន Old Trafford។
ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ធ្វើបានយ៉ាងល្អក្នុងជំនួបស្វែងរក ៣ពិន្ទុបន្ថែម គ្រាដែលខ្សែបម្រើ Scott McTominay រកបានគ្រាប់បេីកឆាកតាំងតែនាទីទី២ និងនាទី៣ ដើមការប្រកួតយ៉ាងអស្ចារ្យ ស្របពេល Bruno Fernandes រកបានម្នាក់ ២គ្រាប់រួមជាមួយ Nilsson Lindeloef និងកីឡាករវ័យក្មេង Daniel James ធ្វើឲ្យក្រុមបិសាចក្រុមមាន ២៦ពិន្ទុតាមពីក្រោយក្រុម Leicester City និងក្រុមកំពូលតារាង Liverpool ដែលមាន ៣១ពិន្ទុ។
លោក Ole Solskjaer បានលើកឡើងក្រោយចប់ការប្រកួតថា «វាពិតជាសោកស្តាយដោយមិនមានក្រុមអ្នកគាំទ្រមើលការប្រកួតនេះ» ។
ការប្រកួតបន្ទាប់ក្រុមបិសាចក្រហមនឹងត្រូវប្រជែងតំណែង (Top 3) ក្នុងតារាងពិន្ទុដោយត្រូវជួបក្រុម Leicester City ដែលមាន ២៧ពិន្ទុនៅសប្តាហ៍ទី១៥៕