(មីលែន)៖ កីឡាករ Rafael Leao បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនជាមួយក្លិប AC Milan នៃការរកបានគ្រាប់ស៊ុតបញ្ចូលទីលឿនជាងគេត្រឹមការចាប់ផ្តើមលេងបានតែ ៦វិនាទីក្នុងលីគកំពូលអ៉ីតាលី Serie A រដូវកាលនេះក្នុងជំនួបដែល AC Milan យកឈ្នះក្រុម Sassuolo ២-១ ដណ្តើមបាន ៣ពិន្ទុបន្ថែមនៅសប្តាហ៍ទី១៣ កាលពីថ្ងៃអាទិត្យ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Rafael វ័យ ២១ឆ្នាំបានបំបែកកំណត់ត្រារបស់ Paolo Poggi នៃក្រុម Piacenza FC ដែលធ្លាប់ធ្វើបាន ៨.៩វិនាទីក្នុងជំនួបប៉ះក្រុម Fiorentina កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០១ ដោយត្រូវបានបំបែកត្រឹមតែ ៦វិនាទីប៉ុណ្ណោះរបស់ Rafael ឲ្យក្រុមកំពូលតារាង AC Milan ក្នុងរដូវកាលនេះប្រចាំលីគ Serie A ជាប្រវត្តិសាស្ត្រ។

គិតមកទល់នឹងពេលនេះ AC Milan មិនទាន់ស្គាល់បរាជ័យនោះទេ ដោយរកបាន ៣១ពិន្ទុបណ្តោះអាសន្នក្រោយឆ្លងកាត់ ១៣ប្រកួតនៅលើក្រុម Inter Milan ដែលរកបាន ៣០ពិន្ទុពីជ័យជម្នះទៅលើក្រុម Spezia ២-១ ខណៈការរកបានគ្រាប់បាល់ដ៏លឿនប្រចាំលីគនេះក៏បានបំបែកកំណត់ត្រានៅលីគអង់គ្លេស Premier League ដោយកីឡាករ Shane Long ធ្វើបានឲ្យក្រុម Southampton ត្រឹម ៧.៦៩វិនាទីនៃជំនួបប៉ះក្រុម Watford កាលឆ្នាំ២០១៩ ទៀតផង៕