(កូរ៉េ)៖ បើតាម MNH Entertainment បានបញ្ជាក់ថា តារាចម្រៀងស្រីរបស់កូរ៉េ កញ្ញា Chungha ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាផ្លូវការហើយ បន្ទាប់ពីសុខភាពនាងប្រសើរឡើងវិញខ្លាំង ពីជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ជាការកត់សម្គាល់ បន្ទាប់ពីបានធ្វើតេស្តថា មានកូវីដ១៩ តារាច្រៀងស្រី Chungha បានចំណាយពេល១១ថ្ងៃ គិតចាប់ពីថ្ងសទី០៧ ខែធ្នូ ដល់ថ្ងៃទី១៨ ខែធ្នូ ដើម្បីធ្វើការព្យាបាលនៅមន្ទីពេទ្យ។ បើយោងតាមវិធានការសុខភាពសាធារណៈបានឲ្យដឹងថា ករណីដែលឆ្លងកូវីដ១៩ ត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ ហើយករណីដែលមានរោគសញ្ញា គឺឃាត់ឲ្យនៅដោយឡែករយៈពេល១១ថ្ងៃ។

ដោយឡែក Chungha ត្រូវបានរាយការណ៍ថា នាងមានសុខភាពប្រសើរឡើងវិញហើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីព្យាបាលរយៈពេល១១ថ្ងៃ។ ក្រុមគ្រូពេទ្យបានរកឃើញថា ករណីកូវីដ១៩ ក្នុងខ្លួននាង គឺគ្មានឥទ្ធិពលអាចចម្លងទៅអ្នកដទៃឡើយ ទើបសម្រេចឲ្យនាងត្រឡប់ទៅផ្ទះ។

ក្រុមការងាររបស់ Chungha បានឲ្យដឹងថា ដោយសារតែស្ថានភាពកូវីដ១៩ ក្នុងប្រទេសកូរ៉េបច្ចុប្បន្នមិនល្អ ពួកគេបានសម្រេចថា ផ្អាករាល់សកម្មភាពសិល្បៈរបស់ Chungha ដោយផ្តោតតែលើសុខភាព និងសុវត្ថិភាពនាងជាចម្បង៕