(ដកម៉ាន់)៖ កីឡាករខ្សែប្រយុទ្ធ Marcus Thuram ត្រូវបានក្លិប Borussia Monchengladbach ប្រកាសកាត់ប្រាក់ពលកម្ម ១ខែ ក្រោយទទួលកាតក្រហមពីការស្តោះទឹកមាត់ (Spit) ដាក់កីឡាករ Stefan Posch នៃក្លិប Hoffenheim ដែលបានប៉ះទង្គិចគ្នាកាលពីរាត្រីថ្ងៃសៅរ៍។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយថា Thuram ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ភ្លាមៗនៅនាទី១១ នៅពេលបានប៉ះទង្គិចគ្នារហូតដល់ស្តោះទឹកមាត់ដាក់ Posch ដែលត្រូវថតបានដោយប្រព័ន្ធ VAR នៅពេល Moncheng បានចាញ់ក្រុមភ្ញៀវ Hoffenheim ២-១ ក្នុងដី។

ក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Bundeslia, Monchengladbach បានប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យពីការកាត់ប្រាក់ពលកម្ម ១ខែរបស់ Thuram និងយកប្រាក់ខែរបស់គេធ្វើជាជំនួសសប្បុរសធម៌ថែមទៀតផង។

ភ្លាមៗក្រោយចប់ការប្រកួតក្នុងសប្តាហ៍ទី១៣ នៃ Budeslia កីឡាករបារាំង Marcus Thuram ក៏បានធ្វើការសុំទោស កីឡាករខ្សែការពារ Posch របស់ Hoffenheim រួចរាល់ផងដែរ គ្រាដែលមិត្តរួមក្រុមទាំងពីរក៏មានយល់ស្រប និងយល់ពីកំហឹងរបស់ Thuram ដូចគ្នា៕