(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនផលិតបរិក្ខាយោធារបស់សហរដ្ឋអាមេរិក Lockheed Martin Corp នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ បានប្រកាសឲ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតម៉ាស៉ីនគ្រាប់រ៉ុក្កែតអាមេរិក Aerojet Rocketdyne ក្នុងតម្លៃ៤.៤ពាន់លានដុល្លារ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

កិច្ចព្រមព្រៀងខាងលើគឺជាកិច្ចព្រមព្រៀងធំបំផុតស្តីពីការទិញក្រុមហ៊ុន សម្រាប់ក្រុមហ៊ុន Lockheed Martin គិតចាប់តាំងពីលោក Jim Taiclet បានឡើងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ កាលពីខែមិថុនាកន្លងទៅ ខណៈលោក កំពុងព្យាយាមពង្រឹងសមត្ថភាពអាជីវកម្មម៉ាស៉ីនគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនលោក នៅចំពោះមុខការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ ដូចជា SpaceX និង Blue Origin ជាដើម ដើម្បីស្វែងរកកិច្ចសន្យាវិស័យអវកាសជាមួយរដ្ឋាភិបាលអាមេរិក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Aerojet Rocketdyne នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធអាមេរិក ដោយសារតែ Lockheed Martin ជាក្រុមហ៊ុននាំមុខគេក្នុងវិស័យការពារជាតិ ហើយកិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថា នឹងបិទបញ្ចប់ជាស្ថាពរនៅខ្ទង់៦ខែចុងក្រោយនៃឆ្នាំ២០២១។ កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Lockheed Martin ក៏ទើបតែសម្រេចជាស្ថាពរផងដែរនូវការទិញក្រុមហ៊ុន Integration Innovation Inc ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធនិងកម្មវិធី Software សម្រាប់អាវុធលឿនជាងសំឡេង៕