(ឡុងដ៍)៖ មិត្តភក្តិនិងសមាជិកគ្រួសារទាំងឡាយដែលមិនអាចជួបជុំគ្នាផ្ទាល់បាន ព្រោះតែវិបត្តិជំងឺ COVID-19 ក្នុងឱកាសបុណ្យគ្រិស្តស្មាស់ និងចូលឆ្នាំសកល នៃឆ្នាំ២០២០នេះ នឹងអាចប្រើប្រាស់កម្មវិធី Zoom ដើម្បីជួបជុំគ្នាតាមវីដេអូអនឡាញ ដោយមិនត្រូវបានកំណត់ពេលវេលាឡើយ ពោលគឺចង់ជជែកយូរប៉ុណ្ណោះក៏បានដែរ ដោយមិនគិតថ្លៃឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅ ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

ជាធម្មតាអ្នកប្រើប្រាស់កម្មវិធី Zoom លក្ខណៈ Free (មិនបង់ថ្លៃសេវា) គឺអាចប្រើកម្មវិធីនេះបានត្រឹមរយៈពេល៤០នាទីប៉ុណ្ណោះ ប៉ុន្តែឥឡូវ Zoom ទើបតែប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងដកការដាក់កំហិតពេលវេលានេះជាបណ្តោះអាសន្ន សម្រាប់គណនី Free ទាំងអស់ នៅជុំវិញពិភពលោក អំឡុងរដូវឈប់សម្រាកចាប់ពីគ្រិស្តស្មាស់រហូតដល់ឆ្លងឆ្នាំសកល។

គួរបញ្ជាក់ថា នាពេលនេះ ស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងមានលក្ខណៈធ្ងន់ធ្ងរសាជាថ្មី នៅជុំវិញពិភពលោក ដែលប្រការនេះបង្ខំឲ្យមនុស្សជាច្រើនត្រូវបង្ខំចិត្តស្ថិតនៅក្នុងផ្ទះ ហើយរៀបគម្រោងជួបជុំមិត្តនិងក្រុមគ្រួសារតាមប្រព័ន្ធអ៉ិនធើណិតជំនួសវិញ អំឡុងរដូវឈប់សម្រាកខាងមុខនេះ៕