(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង ម៉ាត់ នូរុណ បានព្រមព្រៀងបន្ដកិច្ចសន្យារយៈពេល ៣រដូវកាលទៀត ជាមួយក្រុមបឹងកេត បន្ទាប់ពីរួមចំណែកជួយក្រុមនាគខៀវឈ្នះពាន ២ឆ្នាំជាប់គ្នា គឺពានពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ និងពានលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះ។

ម៉ាត់ នូរុណ បានផ្ទេរពីក្លិបអគ្គិសនីកម្ពុជា មកបឹងកេតកាលពីចុងឆ្នាំ២០១៨។ តែរដូវកាលដំបូងរបស់គេ ក្នុងឆ្នាំ២០១៩ មិនសូវកាក់កបនោះទេ ព្រោះរំខានដោយបញ្ហារបួសរហូតដល់ចុងរដូវកាល ទើបគេបានជួយក្រុម និងរួមចំណែកជួយបឹងកេតលើកពានសម្ដេចតេជោ ហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបតែម្ដង។

ដោយឡែករដូវកាលឆ្នាំ២០២០ កន្លងទៅ អតីតយុវជនក្លិបភ្នំពេញក្រោននេះបានដើរតួយ៉ាងសំខាន់ ក្នុងការស្វែងរកគ្រាប់បាល់ជួយក្រុម ដោយបានបំប៉ោងសំណាញ់ទីគូប្រកួតសរុប ១៥គ្រាប់ ជួយឲ្យបឹងកេត គ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ ព្រមទាំងឈ្នះពានកីឡាករល្អជាងគេប្រចាំឆ្នាំ២០២០ ទៀតផង។

មុនឈានដល់ការព្រមព្រៀងបន្ដកិច្ចសន្យាថ្មីរហូតដល់ដំណាច់ឆ្នាំ២០២៣ ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ ធ្លាប់បានបញ្ជាក់ថា ខ្លួនរីករាយក្នុងការបន្ដរួមរស់ជាមួយក្រុមនាគខៀវបឹងកេត ទោះបីមានក្លិបផ្សេងៗ (ក្លិបក្នុងស្រុក) ទាក់ទង ក៏ខ្លួនមិនទាន់គិតដែរ។ ប៉ុន្ដែបើមានឱកាស នូរុណ ចង់ចេញទៅលេងក្រៅស្រុកតែម្ដង។

គួរបញ្ជាក់ថា នុរុណ គឺជាកីឡាករទី៣ ហើយដែលបឹងកេត បានប្រកាសបន្ដកិច្ចសន្យាត្រៀមរដូវកាលក្រោយ បន្ទាប់ពីខ្សែការពារជប៉ុន Mizuno និងខ្សែការពារកូឌឺវ័រ Anderson។ ចំណែកសមាជិកថ្មីវិញ ក្រុមជើងឯក ៤សម័យនេះ ទើបនាំចូលខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង និងប្រកាសដំឡើងកីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ លឹម អារុណ រ៉េយមិន ពីក្រុមយុវជន មកក្រុមធំប៉ុណ្ណោះ៕