(ពិភពលោក)៖ គ្មានប្រទេសសមាជិកណាមួយចង់ចាកចេញពីអង្គការសហប្រជាជាតិ (UN) នោះឡើយ ប៉ុន្តែមានករណីគួរឱ្យសោកស្ដាយមួយបានកើតឡើងកាលពីឆ្នាំ១៩៦៥ ដោយមានប្រទេសសមាជិកមួយនៅតំបន់អាស៉ីអាគ្នេយ៍យើងនេះ បានព្យាយាមដកខ្លួនចេញពីមហាអង្គការពិភពលោកមួយនេះ។ តើអ្នកដឹងទេថា ប្រទេសមួយណាដែលដាច់ចិត្តហ៊ានធ្វើបែបនេះ?

ប្រទេសឥណ្ឌូណេស៉ី គឺជាសមាជិកដំបូងគេបង្អស់ដែលព្យាយាមដកខ្លួនចេញពីអង្គការសហប្រជាជាតិ ដែលវាបានកើតឡើងចំថ្ងៃចូលឆ្នាំថ្មី ឆ្នាំ១៩៦៥។ នេះក៏ដោយសារតែប្រទេសឥណ្ឌូណេស៉ីមិនពេញចិត្តជាមួយសហព័ន្ធម៉ាឡេស៉ី ដែលទទួលបានអាសនៈនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

រយៈពេលបីសប្តាហ៍ក្រោយមក ឥណ្ឌូណេស៊ីបានផ្ញើលិខិតផ្លូវការមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អ៊ូ ថាន់ (ជនជាតិភូមា) ដោយបញ្ជាក់អំពីការដកខ្លួនចេញពីមហាសន្និបាតនៃអង្គការសហប្រជាជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ គ្រាន់តែតបសារត្រលប់មកភាគីឥណ្ឌូណេស៉ីវិញ ដោយសង្ឃឹមថាឥណ្ឌូណេស៊ីនឹងលុបចោលការសម្រេចចិត្តនេះ ហើយចាប់ផ្តើម «កិច្ចសហប្រតិបត្តិការពេញលេញ» ឡើងវិញជាមួយអង្គការសហប្រជាជាតិ។

ការសម្រេចចិត្តដកខ្លួននេះមិនទាន់បានរៀបចំដាច់ស្រេចនៅឡើយទេ ដោយសារតែនៅឆ្នាំ១៩៦៥ ប្រទេសឥណ្ឌូណេស៉ីបានកើតមានបាតុកម្មដ៏ធំមួយដែលបង្កដោយចលនាកុម្មុយនីស្ដ ប៉ុន្តែរដ្ឋាភិបាលបានប្រើកម្លាំងយោធា និងនយោបាយបោសសម្អាតក្រុមនេះចេញពីវិថីនយោបាយឱ្យរាបទាបទៅវិញនៅឆ្នាំ១៩៦៦។

ក្រោយជួបព្រឹត្តិការណ៍នេះហើយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ស៊ូហាតូ បានផ្ញើសារទូរលេខទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិម្ដងទៀត ដោយបញ្ជាក់ថាប្រទេសខ្លួននឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការពេញលេញឡើងវិញជាមួយអង្គការសហប្រជាជាតិ។

ខណៈពេលនោះ គ្មានការជំទាស់ណាមួយត្រូវបានលើកឡើងពីខាងអង្គការសហប្រជាជាតិឡើយ ពីព្រោះគេមិនចង់ឱ្យឥណ្ឌូណេស៉ីដកខ្លួនចេញពីមហាសន្និបាតអង្គការសហប្រជាជាតិបែបនេះដែរ ហេតុដូច្នេះហើយទើបប្រទេសឥណ្ឌូណេស៊ីនៅបន្តតួនាទីរបស់ខ្លួននៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ រហូតដល់ពេលបច្ចុប្បន្ន។

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៉ីបានក្លាយជាសមាជិកផ្លូវការទី ៦០ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥០៕