(ក្រុងឡុងដ៍)៖ នៅចន្លោះនាទីទី៧៨ និង៨០ កីឡាករខ្សែប្រយុទ្ធ Tammy Abraham រកបានគ្រាប់បំប៉ោងសំណាញ់ទី ២គ្រាប់ ដើម្បីជួយតោខៀវ Chelsea យកឈ្នះក្រុមញញួរធំ West Ham United ស្រួលៗក្នុងលទ្ធផល ៣-០ ប្រចាំសប្តាហ៍ទី១៤ ជើងទី១ នៃ Premier League នារាត្រីថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
នេះក៏ជាគ្រាប់បាល់ទី៦ និងទី៧ របស់កីឡាករអង់គ្លេស Abraham ផងដែរ ពីជួយជ្រោមជ្រែងពីមិត្តរួមក្រុម Timo Werner នៅនាទី៧៨ កើតឡើងក្រោយពេលខ្សែការពារ Thiago Silva រកបានគ្រាប់បើកឆាកតាំងពីនាទីទី១០ មកម្ល៉េះ ពីការបញ្ជូនរបស់ Mason Mount ក្នុងកីឡដ្ឋាន Stamford Bridge។ នេះក៏គ្រាប់បាល់ទី២ ក្នុងក្លិបថ្មី Chelsea របស់ Silva បន្ទាប់ពីផ្ទេរចេញពីក្លិប Paris Saint-Germain នារដូវក្តៅនេះ។
តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Franck Lampard រកបាន ២៥ពិន្ទុឡើងទៅឈរនៅលេខរៀងទី៥ ជាបណ្តោះអាសន្នវិញ តាមពីក្រោយក្រុមលេខ៤ Everton មកនៅត្រឹម ១ពិន្ទុ នៅពេលដែល West Ham បន្តឈរនៅលេខ១០ ដដែលដោយមាន ២១ពិន្ទុ។
Chelsea រកបានជ័យជម្នះ ២ប្រកួតក្នុងចំណោម ៣ប្រកួតក្នុងលីគអង់គ្លេសប្រចាំខែធ្នូ ឆ្នាំ២០២០ នេះ ដោយបានយកឈ្នះ Leeds United ៣-១ មុនទៅចាញ់ Everton ១-០ នៅក្នុងកីឡដ្ឋាន Goodison Park៕