(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នឹងអវត្តមានពីក្រុមកាំភ្លើងធំ Arsenal ប៉ះជើងខ្លាំង Manchester City ក្នុងវគ្គ ៨ក្រុមនៃពានរង្វាន់ League Cup (Carabao Cup) ដោយសារបញ្ហារបួសក្រលៀនពុំទាន់ជាសះស្បើយ។
ខ្សែប្រយុទ្ធអន្តរជាតិកាបុងខាងលើនេះ ក៏បានអវត្តមានពីប្រកួតដែល Arsenal បានចាញ់ម្ចាស់ផ្ទះ Everton នៅ Premier League នាសប្តាហ៍មុនផងដែរ ក្នុងខណៈដែលក្រុមរបស់លោក Mikel Arteta បានកំពុងមានបញ្ហាយ៉ាងខ្លាំងផ្នែកខាងតំបន់ប្រយុទ្ធ។
Aubameyang រកបានគ្រាប់ស៊ុតបញ្ចូលចំនួន ៥គ្រាប់គ្រប់កម្មវិធីប្រកួតរបស់ Arsenal នារដូវកាលនេះ។ តែយ៉ាងណាក្រុមកាំភ្លើងធំដែលឈ្នះពាន FA Cup រដូវកាលមុនក្រោមការដឹកនាំរបស់ Arteta នឹងមានសង្ឃឹមអាចយកឈ្នះ Manchester City ក្នុងទឹកដី Emirates ដែលតែងតែធ្វើបានល្ងក្នុងយុទ្ធនាការពានក្នុងស្រុកតូចៗនេះ។
វគ្គផ្តាច់ព្រ័ត្រនៃពាន Carabao Cup រដូវកាលឆ្នាំ២០២០-២០២១ តាមគម្រោង ធ្វើឡើងនៅខែអំឡុងខែ កុម្ភៈ ត្រូវបានលើកទៅធ្វើនៅចុងខែមេសា ឆ្នាំ២០២១ វិញ ដោយសារតែវិបត្តិកូវីដ-១៩ និងចង់ឲ្យមានអ្នកចូលរួមគាំទ្រអាចទស្សនាក្នុងទីលានប្រកួតប្រមាណជាង ២០០០នាក់។
គួររំលឹកផងថា Arsenal និង Man City បានជួបគ្នា ៣ដងក្នុងពាន League Cup គិតចាប់តាំងពីឆ្នាំ២០០៩ មក ដោយកាំភ្លើងធំមិនដែលយកឈ្នះក្រុមមេឃខៀវម្តងណាឡើយ ក្នុងនោះដែរក៏ធ្លាប់បរាជ័យ ៣-០ កាលក្នុងឆ្នាំ២០១៨ និងចាញ់ក្នុងវគ្គ ៨ក្រុមចុងក្រោយកាលឆ្នាំ២០១០ និងឆ្នាំ២០១២ ថែមទៀតផង៕