(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍ជំទាស់ដាច់ខាត ចំពោះការដែលប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអាចធ្វើឲ្យក្រុមហ៊ុនចិននានាខ្ទាតចេញពីទីផ្សារភាគហ៊ុន របស់សហរដ្ឋអាមេរិក លុះត្រាតែពួកគេគោរពឲ្យបានខ្ជាប់ខ្ជួនតាមស្តង់ដាសាវនកម្មអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយដូច្នេះថា «នេះគឺជាសកម្មភាពមិនសមហេតុផលទាល់ តែសោះ ដែល មានគោលដៅប្រឆាំងនឹងសហគ្រាសចិនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក ក្រោមហេតុផលនយោបាយសុទ្ធសាធ»។ អ្នកនាំពាក្យចិនរូបនេះបានបន្តទៀតថា «វានឹងធ្វើឲ្យរាំងស្ទះដល់ការចុះបញ្ជីត្រឹមត្រូវធម្មតារបស់ក្រុមហ៊ុនចិន និងបង្កភាពស្រពិចស្រពិល ចំពោះគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ដែលសហរដ្ឋអាមេរិកតែងតែអួតជានិច្ច»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលអាចនឹងធ្វើឲ្យក្រុមហ៊ុនចិនទាំងឡាយ ត្រូវដកចេញពីទីផ្សារភាគហ៊ុនអាមេរិកវិញ លុះត្រាតែក្រុមហ៊ុនទាំងនោះគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនូវ ស្តង់ដាសាវនកម្មរបស់អាមេរិក៕