(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ តារាចម្រៀងសំឡេងផ្អែមមានទឹកដមស្រាលស្រទន់មានមន្តស្នេហ៍ ម្ចាស់បទ «ចិញ្ចៀនផ្កាស្មៅ» លោក ដួង វីរៈសិទ្ធ ធ្លាប់តែសម្តែង MV និងបង្ហើរសំនៀងតាមរយៈបទចម្រៀង និងមានទេពកោសល្យពិសេសមួយទៀត គឺការផ្លុំខ្លុយតែប៉ុណ្ណោះ។ តែយ៉ាងណា សម្រាប់ការសម្តែងភាពយន្ត តារារូបនេះហាក់គ្មានបទពិសោធន៍ឡើយ ប៉ុន្តែដោយសារមើលឃើញពីសមត្ថភាព និងជឿជាក់លើលោក ដួង វីរៈសិទ្ធ បានជំរុញឲ្យលោក កៅ សីហា ជាអ្នកនិពន្ធ និងដឹកនាំសម្ដែងដ៏ឆ្នើមម្នាក់ របស់ផលិតកម្មហង្សមាស សម្រេចជ្រើសរើសជាតួសម្តែង មានចរិកលក្ខណៈឡឺកឺ បែបល្ងង់ៗ ក្នុងរឿងថ្មីមួយ។
លោក កៅ សីហា បានរៀបរាប់ពីដំណើរដើមទងនៃការជ្រើសលោក ដួង វីរៈសិទ្ធ ឲ្យសម្តែងរឿងជាលើកដំបូងថា «ចន! គ្រប់គ្នាដែលធ្លាប់បានតាមដានទស្សនាខ្សែភាពយន្តភាគខ្នាតខ្លី «ម៉ែក្មេកចេញពីក្នុងព្រះចន្ទ» ប្រាកដជាចាំបាននូវតួអង្គ ចន ដែលជាកម្លោះស្ទើរទឹក! ឡិឡក់ សក់ក្រញ៉ាញ់ ភ្នែកមីញ៉ូប ដោយសារតែកើតស្ទើរខែ ហើយកំណើតរបស់គេត្រូវអ្នកស្រីឡាឡា ដែលជាម្ដាយរបស់ខ្លួនលេបថ្នាំសម្លាប់ខ្លួន ហើយប្ដូរចិត្តលែងចង់ងាប់វិញ ក៏គេក្លាយជាបុរសមិនសូវគ្រប់ តែស្មោះស្នេហាសាហាវ សម្ដែងដោយបុរសសំឡេងផ្អែម ស្រាលស្រទន់ មានមន្តស្នេហ៍មិនចេះរីងស្ងួត បេះដូង តន្ត្រី គឺដួង វីរៈសិទ្ធ»។
លោកបន្តថា «រំឭកដល់គ្រាដំបូង ដែលអ្នកនិពន្ឋ Som Dore បានតាក់តែងរឿងនេះឡើង ហើយធ្លាក់មកដល់ដៃខ្ញុំ ក្រោយពេលដែលអានសេណារីយ៉ូ ដល់ភាគឡាឡាមានកូនប្រុសពេញកម្លោះ ខ្ញុំក៏មានការស្រមើស្រមៃនឹកភ្នកដល់តារាចម្រៀង ដួង វីរៈសិទ្ធ ភ្លាម គិតថា គេនឹងអាចសម្ដែងជាតួអង្គនាយចន នេះបាន! សម្រេចជាមួយថ្នាក់លើរួច ថា ពួកយើងនឹងយកសិទ្ធ មកថតកុនភាគខ្នាតខ្លីនេះ ខ្ញុំក៏បានខលណាត់គាត់មកនិយាយគ្នា។ ពេលដែលពួកយើងជួបនិយាយគ្នា សិទ្ធហាក់អល់អែកមិនចង់ទទួល ព្រោះគិតថា ខ្លួនធ្វើមិនបាន! ហើយអ្វីដែលសំខាន់ គេថាមិនធ្លាប់មានបទពិសោធន៍សម្ដែង ក្រៅពីថត MV ជាមួយបទចម្រៀងរបស់ខ្លួនឡើយ។ ខ្ញុំចេញមុខអះអាង ភ្លាមៗ កាត់សម្ដីរបស់សិទ្ធថា បងធានា បងនឹងធ្វើឲ្យអូនឯងឲ្យក្លាយជា នាយចនបាន! ឲ្យតែថាព្រម»។
លោក កៅ សីហា បន្ថែមថា «សិទ្ធឆ្លើយថាព្រម ទាំងបុកពោះ ព្រោះជឿជាក់លើខ្ញុំ! ខ្ញុំបានឲ្យសិទ្ធមើល Style សក់ Style រៀបចំខ្លួន នៃតួអង្គចន! គេស្រែកថា វ៉ាវ ! បងនេះឬចន? តិចមិនសមនឹងខ្ញុំទៅបង? ពីមុនមក មិនដែលធ្វើខ្លួនអ៊ីចឹងផង! ខ្ញុំថា នេះហើយជាអ្វីដែលបងចង់ជួបអូនឯង ពីសិទ្ធទៅចន នៅក្នុងរឿងហ្នឹង! ព្រោះជាក់ស្ដែង ជាការពិតសិទ្ធពិតជាមិនធ្លាប់ធ្វើម៉ូដសក់បែបហ្នឹង និងស្លៀក Style បែបនឹងពិតមែន មិនថាលើឆាក ឬក្នុង MV របស់ចម្រៀងគេក្ដី!។ ដល់ថ្ងៃថត Poster សិទ្ធបានទិញអាវ ខោ ជាច្រើនឈុត ហើយសុទ្ឋតែត្រូវចិត្តខ្ញុំតាម Style អ្វីដែលខ្ញុំ Set ឲ្យ! សិទ្ធឆាប់យល់ពី Concept ហើយធ្វើបានយ៉ាងរលូន! មិនទាន់ថតរឿងបានមួយឆាកផង តែការថតរូប Poster ក៏តម្រូវឲ្យសិទ្ធធ្វើចរិតនាយចន បែបល្ងង់ៗ ភ្លើៗ ស្លូតបូត សុភាពៗ ដើម្បីតម្រូវតាម concept poster របស់យើងដែរ! សិទ្ធព្យាយាមតែមួយភ្លែត គេអាចយល់ពីចរិតរបស់នាយចន តាមអ្វីដែលខ្ញុំចង់បាន»។
អ្នកនិពន្ធល្បីឈ្មោះរូបនេះ បានអះអាងថា «ដល់ថ្ងៃបើកឆាកកាមេរ៉ាថតថ្ងៃទី១ សិទ្ធចាប់ផ្ដើមសួរខ្ញុំថា បងតើ កាយវិការដៃ ត្រូវធ្វើបែបម៉េច ដើម្បីឲ្យសមជាបុរសសុភាពៗ ឡឺកើៗ? ខ្ញុំថា អូនឯងអាចយកមកខាំនឹងមាត់ម្ដងម្កាលបាន! ហើយបន្ទាប់មកគេក៏រកទំនុកឃើញ តាមអ្វីដែលខ្ញុំប្រាប់ រួចបំបែកម្ដងតិចៗ រហូតក្លាយជាចរិតនាយចន ដូចអ្វីដែលបងប្អូនមហាជនបានទស្សនាតាំងពីភាគ ១-ភាគ១៧នេះឯង!។ នៅពេលដែលមានការព្យាយាម អ្វីៗនឹងកាន់តែប្រសើរ វាជាការងារលើដំបូងរបស់ ដួង វីរៈសិទ្ធ តែគេធ្វើបានល្អបែបនេះ វាជាមោទកភាពមួយ ក្នុងនាមជាតារាចម្រៀង ដែលធ្លាប់តែប្រើប្រាស់សំឡេងបំពេរសោតអារម្មណ៍របស់ Fan ដែលគាំទ្រ ហើយងាកមកគាំទ្របន្ថែម លើការសម្ដែងរបស់គេមួយផ្នែកទៀត!»។
លោក កៅ សីហា ហាក់មិនធ្វើឲ្យអ្នកគាំទ្រលោក ដួង វីរៈសិទ្ធ ខកបំណងឡើយ ដោយអះអាងថា «នៅឆាប់ៗខាងមុខ លោកអ្នកនឹងបានទស្សនាស្នាដៃសម្ដែងរបស់សិទ្ធ ឬនាយចន តាមរយៈរឿងភាគ ២-៣រឿងទៀត ដែល នាយចន បានថតបញ្ចប់ និងកំពុងដំណើរការថត! សូមចងចាំ នាយចន ឬប្រុសចន បន្ថែមពីលើឈ្មោះ ដួង វីរៈសិទ្ធ នៃរឿង ម៉ែក្មេកចេញពីក្នុងព្រះចន្ទ នេះរហូតអើយ!»។
គួរជម្រាបថា លោក កៅ សីហា គឺជាអ្នកនិពន្ធភាពយន្តឆ្នើមមួយរូប ប្រចាំផលិតកម្មហង្សមាស។ មហាជនសង្កេតឃើញថា រាល់ខ្សែភាពយន្តដែលជាស្នាដៃរបស់លោក សុទ្ធសឹងតែរំលេចនូវអ្វីដែលថ្មីៗ និងត្រូវចិត្តទស្សនិកជន ដែលកត្តានេះរឹតតែជំរុញឲ្យមានការគាំទ្រច្រើន នូវខ្សែភាពយន្តរបស់លោក។ បន្ថែមពីនេះ លោកក៏ត្រូវបានគេដឹងថា ជាអ្នកនិពន្ធមួយរូប ពូកែជ្រើសរើសតារាសម្តែង ឲ្យស័ក្តិសមទៅនឹងសាច់រឿងទាំងមូលផងដែរ៕