(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ភាគីសិង្ហបុរី សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសម្រេចបញ្ជូនក្រុម IMPUNITY KH ដែលមានសមាសភាព ៨នាក់ ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang (MLBB) World Championships 2021 នៅប្រទេសសិង្ហបុរី នាខែមករា ឆ្នាំ២០២១ ខាងមុខ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ព្រឹត្តិការណ៍អន្ដរជាតិនេះ គឺគិតចាប់ពីថ្ងៃទី០១-២៥ ខែមករា ឆ្នាំ២០២១ ដោយបូកទាំងការធ្វើចត្ដាឡីស័ករបស់កីឡាករម្នាក់ៗ ដើម្បីធានាសុវត្ថិភាព និងបង្ការជំងឺកូវីដ-១៩។ ដូច្នេះសហព័ន្ធបានស្នើឲ្យកីឡាករទាំងអស់ ត្រូវគោរពដាច់ខាតតាមវិធានក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាលសិង្ហបុរី។
ចំពោះសមាសភាពក្រុម IMPUNITY KH ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ Mobile Legends: Bang Bang (MLBB) World Championships 2021 នៅសិង្ហបុរីនាពេលខាងមុខ គឺដឹកនាំដោយលោក អ៊ឹង ឃាងម៉េង និងមានកីឡាករ ឈួន ផេងគង់, គឹម វីសា, លី គីមឡុង, ភា សុក្រាម, រ៉ា វិរិទ្ធ និងកីឡាករ លឹម ប៊ុនហាក់៕