(កូរ៉េ)៖ អង្គការយូនីសេហ្វ ដែលជាអង្គការមួយបង្កើតឡើង ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងសុខភាពរបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឲ្យពួកគេសម្រេចសក្តានុពលខ្លួនឯង ចាប់តាំងពីវ័យកុមារតូចរហូតដល់វ័យជំទង់នោះ បាននឹងកំពុងធ្វើការងារជាមួយតារាចម្រៀងប្រុសក្នុងក្រុម EXO លោក Kai។ ការចូលរួមរបស់តារាចម្រៀង K-POP លោក Kai នៅពេលនេះ គឺលោកបានប្រែក្លាយខ្លួនទៅជាតាណូអែល ហើយនេះជាផ្នែកមួយនៃការបំពេញតម្រូវការ របស់កុមារជុំវិញពិភពលោក នាអំឡុងរដូវកាលបុណ្យគ្រិស្តស្មាស់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី២២ ខែធ្នូ ឆ្នា២០២០។
យុទ្ធនាការនេះ គឺអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ ជ្រើសរើសវត្ថុចាំបាច់ផ្សេងៗ ដែលពួកគេបានត្រៀមរួចជាស្រេច ដូចជាអាហារបំប៉ន់សម្រាប់កុមារ, ឧបករណ៍ចាក់វ៉ាក់សាំង, ភួយ និងអំណោយជាច្រើនទៀត សម្រាប់ជាផ្នែកមួយជួយដល់កុមារជុំវិញពិភពលោក តាមរយៈវេទិកាអនឡាញ ខណៈយុទ្ធនាការនេះ នឹងដំណើរការរហូតដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ។
អង្គការយូនីសេហ្វបាននិយាយថា «លោក Kai បានចំណាយពេលវេលាដ៏មមាញឹក ដើម្បីចូលរួមក៏ដូចជាលើកទឹកចិត្តក្នុងយុទ្ធនាការនេះ។ យើងសូមថ្លែងអំណរគុណលោកជាខ្លាំង។ យើងសំណូមពរដល់បុគ្គលទាំងអស់ ដែលអាចធ្វើខ្លួនជាតាណូអែល ដើម្បីចូលរួមជាមួយកុមារទាំងអស់ ក្នុងអំឡុងពេលចូលដល់រដូវត្រជាក់ដ៏លំបាកក្នុងឆ្នាំនេះ ជាពិសេសនៅចំពោះមុខជំងឺកូវីដ១៩»។
យ៉ាងណាមិញ តារាចម្រៀង Kai បានសម្តែងអារម្មណ៍សប្បាយរីករាយ ដែលបានក្លាយជាចំណែកមួយ ក្នុងការផ្តល់ភាពកក់ក្តៅសម្រាប់កុមារក្នុងឆ្នាំនេះ។ លោកក៏បានសំណូមពរដល់មនុស្សគ្រប់គ្នា ឲ្យចូលរួមក្នុងយុទ្ធនាការនេះផងដែរ ដើម្បីផ្តល់ពន្លឺ និងភាពកក់ក្តៅដល់កុមារជុំវិញពិភពលោក ជាមួយក្តីសង្ឃឹមថា កុមារទាំងអស់នឹងមានថ្ងៃបុណ្យណូអែលដ៏អស្ចារ្យមួយ សម្រាប់ពួកគេ៕