(ភ្នំពេញ)៖ តារាចម្រៀង តន់ ច័ន្ទសីម៉ា កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗ ពីទស្សនិជន តាមរយៈការបញ្ចេញបទថ្មី ជាពិសេស យុវវ័យ ខណៈថ្មីៗនេះបទចម្រៀងមានចំណងជើងថា «កូនក្មេងនឹកមនុស្សចាស់» បាននឹងកំពុងតែផ្ទុះការគាំទ្រខ្លាំង លើបណ្តាញសង្គម ពោលគឺគិតរហូតមកទល់នឹងពេលនេះ មានរហូតដល់ទៅជាង១០ម៉ឺនវីដេអូ ធ្វើត្រាប់តាមបទចម្រៀងមួយនេះ នៅលើ Tik Tok។

តំណាងផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នាពេលនេះ តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងទៀតហើយ ជាមួយបទ «កូនក្មេងនឹកមនុស្សចាស់» នៅលើបណ្ដាញសង្គមពេញនិយម Tik Tok។ បទនេះបានបញ្ចេញនៅលើឆាណែលយូធូបរបស់ Galaxy Navatra កាលពីសប្ដាហ៍មុន។ ភ្លាមៗបទចម្រៀងមនោសញ្ចេតនា ដ៏គួរឲ្យក្នក់ក្នាញ់មួយនេះ ទទួលបានការចុចចូលស្ដាប់យ៉ាងគំហុកតែម្ដង។

គិតមកដល់បច្ចុប្បន្ន «កូនក្មេងនឹកមនុស្សចាស់» មានអ្នកចុចចូលស្ដាប់ជាង ១,៤លានដងហើយ នៅលើយូធូប។ បន្ថែមពីលើនេះ បទរបស់តារាស្រីតូចច្រឡឹងរូបនេះ កំពុងអង្រួនបណ្ដាញសង្គម Tik Tok ថែមទៀត ដែលបង្ហាញថា តារាចម្រៀងក្មេងស្រីម្នាក់នេះ កំពុងតែទាញយកប្រជាប្រិយភាពយ៉ាងខ្លាំង។

ផលិតកម្ម Galaxy Navatra បានបញ្ជាក់ទៀតថា ប៉ុន្មានថ្ងៃមកនេះបទ «កូនក្មេងនឹកមនុស្សចាស់» កំពុងតែនាំមុខគេទៀតហើយ នៅក្នុង Tik Tok មានអ្នកធ្វើតាម១៣ ម៉ឺន ៥ពាន់ វីដេអូ និងចាប់ផ្ដើមហក់ឡើងនៅក្នុងបណ្ដាញ YouTube បណ្ដើរៗ ទៀតផងដែរ។ ស្ថានភាពនេះគេរំពឹងថា សីម៉ា ទំនងអាចបង្កើតប្រវត្តិសាស្ត្រថ្មីទៀត សម្រាប់ខ្លួនឯងជាមួយបទចម្រៀងថ្មីមួយបទនេះ។

តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា នាងជាតារាចម្រៀងនៅក្មេងខ្ចី ប៉ុន្តែសមត្ថភាពរបស់នាងពិតជាខ្លាំងមិនធម្មតា ក្នុងនោះនាងអាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសាថែមទៀត ហើយគ្រប់បទចម្រៀងសុទ្ធតែល្បីៗទាំងអស់។ តាមរបាយការណ៍ពីពេលកន្លងទៅ ចេញដោយផលិតកម្ម Galaxy Navatra ដែរនោះ តន់ ចន្ទសីម៉ា បានឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ២០២០នេះ ដោយបទចម្រៀងរបស់នាង មានអ្នកចូលទស្សនារហូតជាង៤០០លានដង ដែលចំនួននេះ មិនទាន់អាចមានតារាចម្រៀងរូបណា អាចធ្វើបាននៅឡើយ។

ងាកមកបទ «កូនក្មេងនឹកមនុស្សចាស់» ដដែលវិញ ផលិតកម្មក៏បង្ហាញពីការរំពឹងទុកថា នឹងក្លាយជាបទពេញនិយមជាងគេ ចំពោះបទចម្រៀងមនោសញ្ចេតនា នាចុង ឆ្នាំ២០២១ នេះ ជាក់ជាមិនខាន។

ចង់ដឹងថា តើបទ «កូនក្មេងនឹកមនុស្សចាស់» នេះមានអត្ថន័យយ៉ាងណា សូមស្ដាប់ទាំងអស់គ្នា៖

@seymagalaxynavatra

កូនក្មេងនឹកមនុស្សចាស់ ???

♬ original sound - Ton Chan Seyma