(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី២២ ខែធ្នូនេះ បានបើកកិច្ចប្រជុំពិសេសមួយ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីជជែកពីផែនការឆ្នាំ២០២១ ដែលជាឆ្នាំត្រូវចាប់ផ្ដើមស៊ីហ្គេម ឆ្នាំ២០២៣ ឬហៅថា Game Operation Time។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បន្ទាប់ពីស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ រាងធូរស្រាលបន្ដិច ដោយបានកោះហៅគណៈកម្មការជំនាញទាំង១៤ ចូលរួមស្ដាប់នូវបទបង្ហាញអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបៀបរបបការងារ និងយន្ដការនៃគចរលិខិតរបស់ CAMSOC សម្រាប់គណៈកម្មការជំនាញនីមួយៗអនុវត្ត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «កិច្ចប្រជុំនេះ បានលើកឡើងពីផែនការឆ្នាំ២០២១ ដែលជាឆ្នាំយើងហៅថា Game Operation Time បានន័យថា ជាពេលវេលាដែលត្រូវចាប់ផ្ដើមស៊ីហ្គេម ឆ្នាំ២០២៣ គឺចាប់ផ្ដើមពីឆ្នាំ២០២១ ហ្នឹងទៅហើយ ទាំងការរៀបចំ និងការអនុវត្តពិតប្រាកដជាដើម។ ចឹងឆ្នាំ២០២១ ត្រូវធ្វើអ្វីខ្លះ ជាព្រឹត្តិការណ៍ ជាការរៀបចំដំបូង ជាការហ្វឹកហាត់អ្វីខ្លះ ដើម្បីធ្វើឲ្យក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ»

ដោយហេតុនេះលោករដ្ឋមន្ដ្រី ថោង ខុន បានកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាពេលវេលា ដែលគណៈកម្មការជំនាញទាំងអស់ ត្រូវចូលរួមបំពេញការងារតាមការិយាល័យរៀងៗខ្លួន។ គណៈកម្មការជំនាញនីមួយៗត្រូវចាប់ផ្ដើមការងារ និងអនុវត្តយុទ្ធសាស្ដ្រការងារ ហើយកំណត់កិច្ចការណាខ្លះ ត្រូវធ្វើមុន ឬត្រូវធ្វើក្រោយ? ពិសេសគណៈកម្មការនីមួយៗត្រូវរៀបចំផែនការសកម្មភាព និងប្រតិទិនការងារឲ្យបានច្បាស់លាស់ ដើម្បីដុះខាត់ជំនាញរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

លោក វ៉ាត់ ចំរើន បានបន្ថែមថា «អ្វីដែលសំខាន់ជាងគេ គឺយើងមិនធាក់ថយក្រោយទេ យើងត្រូវពួតដៃគ្នាសម្រុកការងារយ៉ាងសកម្មហើយសកម្មទៀត ដើម្បីឲ្យប្រាកដចាប់ពីឆ្នាំ២០២១ ដែលយើងរៀបចំស៊ីហ្គេមទៅ រហូតដល់ឆ្នាំ២០២៣ អ្វីៗត្រូវ Ready (រួចរាល់) ត្រូវរួចហើយជាស្រេច ហើយត្រៀមលក្ខណៈរួចរាល់គ្រប់បែបយ៉ាង គ្រប់ជ្រុងជ្រោយ និងគ្រប់គណៈកម្មការទាំងអស់ ហើយឆ្នាំ២០២៣ គឺជាឆ្នាំស៊ីហ្គេមតែម្ដង ឬហៅថា Game Time ពេលជាវេលាដែលព្រឹត្តិការណ៍ចាប់ផ្ដើម»

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC លោកបណ្ឌិត ថោង ខុន បានដឹកនាំគណៈកម្មការជំនាញទាំង១៤ ដើរទស្សនា និងត្រួតពិនិត្យការិយាល័យ ដែលត្រៀមស្វាគមន៍គណៈកម្មការនីមួយៗ ត្រូវមកបំពេញការងារនាដើមខែមករា ឆ្នាំ២០២១ ខាងមុខទៀតផង៕