(ភ្នំពេញ)៖ ក្រោយប្រកាសចែកផ្លូវគ្នាមួយរយៈ បន្ទាប់ពីចប់ការប្រកួតរដូវកាលឆ្នាំ២០២០ កាលពីថ្មីៗនៅល្ងាចថ្ងៃទី២២ ខែធ្នូនេះ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសពីការវិលត្រឡប់របស់ខ្សែបម្រើសញ្ជាតិប្រេស៊ីល Thiago de Jesus វិញហើយ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខ។

នេះគឺជាព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រក្លិបជើងឯករងឆ្នាំចាស់ ដ្បិតក្រោយចប់ការប្រកួតក្របខណ្ណលីគកំពូលកម្ពុជា ឆ្នាំ២០២០ ជាង ១សប្ដាហ៍ ពោលគឺកាលពីថ្ងៃទី០៣-វិច្ឆិកា ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករវ័យ ៣២ឆ្នាំរូបនេះ រួមទាំងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលម្នាក់ទៀត គឺកីឡាករ Pedro Augusto។

គួរបញ្ជាក់ថា Thiago បានចំណាយពេល ១រដូវកាលពេញជាមួយព្រះខ័នរាជស្វាយរៀង ដោយរួមចំណែកជួយក្រុមដណ្ដើមចំណាត់ថ្នាក់លេខ២ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០។ រដូវកាលដំបូង ដែលគេប្រកបអាជីពនៅកម្ពុជា Thiago បានបង្ហាញអារម្មណ៍ពេញចិត្ត ចំពោះការទទួលបានបទពិសោធ និងមិត្តភក្ដិថ្មីៗ ពិសេសគឺស្គាល់នូវវប្បធម៌ដ៏ល្អរបស់កម្ពុជាទៀតផង៕