(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រតារាចម្រៀង K-POP បុរសដ៏ល្បីឈ្មោះ BTS នៅក្នុងប្រទេសកម្ពុជា បានរួមគ្នាបរិច្ចាគទឹកប្រាក់ចំនួន ១,៣១៣ដុល្លារ ជូនដល់សម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ ខណៈសកម្មភាពរបស់ពួកគេ កំពុងតែធ្វើឲ្យមហាជនកោតសរសើរ ព្រោះជាចំណែកមួយក្នុងការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក សាយ បានឲ្យដឹងថា «តាមរយៈខ្ញុំបាទ សាយ បានទទួលមូលនិធិបរិច្ចាគដល់វ៉ាក់សាំង COVID-19 ដែលប្រមូលបានពី ARMY Cambodia ដែលជាក្រុមអ្នកគាំទ្ររបស់ BTS សរុបបានចំនួន ១,៣០០$ អរគុណសម្រាប់ការចូលរួមទាំងអស់គ្នា»

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕