(ជប៉ុន)៖ អ្នករៀបចំព្រឹត្តិការណ៍ Tokyo Olympics នឹងចំណាយថវិកា៩០០លានដុល្លារ ទៅលើវិធានការទប់ស្កាត់ការរីករាលដាល នៃវីរ៉ុសឆ្លង COVID-19 នៅក្នុងព្រឹត្តិការណ៍កីឡា ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយនេះ, ខណៈដែលពួកគេ បានបង្ហាញកញ្ចប់ថវិកាថ្មីចុងក្រោយ សម្រាប់ព្រឹត្តិការណ៍ ដែលគេបានពន្យារពេលនេះ, នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

អ្នករៀបចំកម្មវិធី បានបញ្ជាក់ជាថ្មីអំពីគម្រោងរបស់ពួកគេថា ការចំណាយសរុប ទៅលើព្រឹត្តិការណ៍កីឡា ដែលត្រូវបានពន្យារពេលនេះ ក្នុងនោះរួមទាំងការចំណាយ លើវិធានការទប់ស្កាត់ការឆ្លងវីរ៉ុស COVID-19 ផងនោះ នឹងត្រូវចំណាយប្រមាណ១៥,៤ពាន់លានដុល្លារ។

អ្នករៀបចំ បានចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមក ក្នុងការពន្យារពេលព្រឹត្តិការណ៍ Olympics កាលពីខែមីនា ដោយសារជំងឺរាតត្បាត ហើយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានប្រកាសថា លោកនឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Olympics «ទោះក្នុងតម្លៃណាក៏ដោយ»។

វិធានការទប់ស្កាត់ជំងឺ COVID-19 នោះ នឹងរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធធ្វើតេស្តិ៍ PCR, ការបង្កើតគ្លីនិក, ការបង្កើតការគ្របដណ្តប់ពីចម្ងាយ និងវិធានការ នៅមជ្ឈមណ្ឌល អាហារ និងភេសជ្ជៈផងដែរ៕