(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Brentford និងក្រុមការពារតំណែងជើងឯក Manchester City បានដឹកដៃគ្នាដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup) ក្រោយពេលយកឈ្នះគូប្រជែង Newcastle United និង Arsenal រួចមក។
ក្រុមមកពីក្របខណ្ឌទី២ អង់គ្លេស Championship, Brentford បានទម្លាក់ក្រុមដែលកំពុងលេងនៅ Premier League, Newcastle United ក្នុងលទ្ធផល ១-០ នៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ League Cup រដូវកាលនេះ បញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល ១៣១ឆ្នាំ ដើម្បីឡើងទៅវគ្គ Semi final ក្នុងពានលំដាប់ទី៣ នេះ។
កីឡាករ Josh Dasilva ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៦៦ ដែលជាគ្រាប់ទី២ របស់គេផងនៅ League Cup នេះ ក្រោយពេលរកបាន ១គ្រាប់ក្នុងជ័យជម្នះ ២-០ របស់ Brentford ទៅលើ Southampton កាលពីក្នុងវគ្គ ១៦ក្រុមទៀតផង។
ដូចគ្នានោះដែរ Manchester City ដែលជាក្រុមការពារតំណែងជើងឯកផងនោះ ក៏បានទម្លាក់ក្រុមកាំភ្លើងធំ Arsenal ចេញពី League Cup ផងដែរ តាមរយៈយកឈ្នះ ៤-១ នៅទឹកដី Emirates ពីការធ្វើបានគ្រាប់បាល់បើកឆាកតាំងពីនាទីទី៣ មកម្ល៉េះរបស់ខ្សែប្រយុទ្ធ Gabriel Jesus ពីការបញ្ជូនរបស់ Zinchenko។ Jesus បានខកខានរកគ្រាប់បាល់ឲ្យក្រុមរបស់លោក Pep Guardiola យូរមកហើយ គិតចាប់តាំងពីក្រុមមេឃខៀវប៉ះ Liverpool នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
មិត្តរួមក្រុម Riyad Mahrez, Phil Foden និង Laporte ក៏ចូលរួមរកបានម្នាក់ ១គ្រាប់បន្តបន្ទាប់ផងដែរនៅនាទី៥៤ នាទី៥៩ និងនាទី៧៣ នៅពេលដែលខ្សែប្រយុទ្ធអន្តរជាតិបារាំង Lacazette រកបានតែ ១គ្រាប់ឲ្យក្រុមរបស់លោក Mikel Arteta ដែលកំពុងតែដុនដាបផងដែរក្នុងលីគកំពូល Premier League រដូវកាលនេះ៕