(អាមេរិក)៖ មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បាននិយាយនៅថ្ងៃអង្គារទី២២ ខែធ្នូម្សិលមិញនេះថា លោកធ្លាប់បាន ទៅជួបលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ដើម្បីពិភាក្សាពីលទ្ធភាពនៃការទិញក្រុមហ៊ុន Tesla Inc នៅក្នុងតម្លៃ ១០ភាគរយនៃតម្លៃបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

យោងតាមការចេញផ្សាយបានឱ្យដឹងថា លោក Elon Musk បានទៅរកលោក Tim Cook នៅក្នុងអំឡុងពេលដែលក្រុមហ៊ុន Tesla ជួបវិបត្តិ ពោលគឺនៅពេលកំពុងដំណើរការកម្មវិធីផលិតរថយន្តម៉ូដែល Model 3 ប៉ុន្តែត្រូវបានលោក Tim Cook បដិសេដ មិនជួប។ «គាត់ (Tim Cook) បានបដិសេធមិនជួបខ្ញុំ»។ នេះគឺជាសំដីរបស់លោក លោក Elon Musk បានថ្លែងប្រាប់ Reuters។

នៅក្នុងអំឡុងឆ្នាំ ២០១៧ និង២០១៨ ក្រុមហ៊ុន Tesla បានព្យាយាមផលិតរថយន្ត Model 3 យ៉ាងច្រើនសន្ធឹក ប៉ុន្តែ បានជួប នឹង បញ្ហា ដោយនៅពេលនោះលោក Elon Musk បានប្រកាសប្រាប់ទៅកាន់អ្នកវិនិយោគទុនថា ការផលិតរថយន្តបានធ្លាក់ចូល ក្នុង វិបត្តិធ្ងន់ធ្ងរ ដោយសារតែបញ្ហាជាមួយនឹងប្រព័ន្ធផលិតកម្មស្វ័យប្រវត្តិនៅរោងចក្រផលិតអាគុយក្នុងរដ្ឋនេវ៉ាដា។

ក្រុមហ៊ុន Tesla ក្រោមការដឹកនាំរបស់លោក Elon Musk បានយកឈ្នះនូវបញ្ហាទាំងនោះបាន និងចាប់ពីពេលនោះមក ក្រុមហ៊ុន ផលិតរថយន្តមួយនេះចាប់ផ្ដើមប្រមូលប្រាក់ចំណេញរៀងរាល់ត្រីមាស និងបានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមាន តម្លៃ ខ្ពស់ជាងគេបំផុត។

គួរបញ្ជាក់ផងដែរថា លោក Elon Musk បានចេញមុខថ្លែងដូចខាងលើនេះ ក្រោយពេលទទួលបានព័ត៌មានថា ក្រុមហ៊ុន Apple នឹង ចាប់ផ្ដើមសង្វាក់ផលិតកម្មផលិតរថយន្ត នៅឆ្នាំ២០២៤ ៕