(ភ្នំពេញ)៖ អតីតយុវជនក្លិប Lazio FC កីឡាករ ATA Inia បានបង្ហាញក្ដីរំពឹងថា ក្រុមអង្គរថាយហ្គឺរ នឹងមានឱកាសលើកពានលីគកំពូលកម្ពុជា បើសិនមិត្តរួមក្រុមលេងជាមួយគ្នាបានល្អ និងខំប្រឹងលេងចេញពីចិត្ដ។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីគេបានតាមដាន និងមើលឃើញពីគុណភាពរបស់មិត្តរួមក្រុម មុនផ្ទេរមកកាន់ទឹកដីអង្គរ ខេត្តសៀមរាបកាលពីថ្មីៗ។
ខ្សែប្រយុទ្ធសញ្ជាតិតុងហ្គារូបនេះបានបញ្ជាក់ថា «ខ្ញុំមិនគិតថា ក្រុមមានវ័យក្មេងប៉ុណ្ណា តែខ្ញុំយល់ថា ពួកយើង គឺមានគុណភាព។ ខ្ញុំបានមើលពួកគេលេងកាលពីឆ្នាំមុន ពួកគេបានបង្ហាញសមត្ថភាពនៅមិត្តហ្វូនលីគ។ ពួកគេបានបង្ហាញគ្រប់គ្នាថា ពួកគេអាចប្រជែងនឹងក្រុមកំពូលបាន។ បើសិនយើងលេងជាមួយគ្នាបានល្អ និងលេងចេញពីចិត្ត ខ្ញុំគិតថា យើងនឹងមានឱកាសក្នុងការឈ្នះពានលីគ»។
ATA បន្ដថា «ការហ្វឹកហាត់ដំបូងជាមួយក្រុមឆ្នាំនេះ គឺពិបាក ដោយសារខ្ញុំទើបបញ្ចប់ការធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។ នេះជាឆ្នាំដ៏ពិបាក ហើយ Oriol ជាគ្រូបង្វឹកដែលមិនទទួលលេសដោះសារ។ គ្រប់កីឡាករត្រូវតែខិតខំប្រឹងប្រែង ហើយគាត់ជំរុញខ្ញុំយ៉ាងខ្លាំង។ ខ្ញុំបានហាត់ជាមួយក្រុម ២-៣សប្ដាហ៍ហើយ និងមានភាពល្អប្រសើរ ជាមួយកីឡាករទាំងអស់ ហើយខ្ញុំបានចំណាយពេលជាមួយពួកគេ ទាំងក្នុង និងក្រៅទីលាន អាចនិយាយបានថា ខ្ញុំចាត់ទុកពួកគេជាបងប្អូន...»។
កីឡាករវ័យ ២០ឆ្នាំដដែលបានបង្ហើបទៀតថា ខ្លួនគឺជាកីឡាករម្នាក់ ចូលចិត្តប្រើល្បឿនញាក់ និងលេងមួយស្មើជាមួយគូប្រជែង។ ដូច្នេះគេក៏កំពុងទន្ទឹងរង់ចាំការប្រកួតមកដល់ ដើម្បីបង្ហាញនូវអ្វីដែលខ្លួនមានដល់អ្នកគាំទ្រអង្គរថាយហ្គឺរ។ ATA បន្ថែមថា «របៀបលេងរបស់ខ្ញុំ... ខ្ញុំអាចនិយាយបានថា ខ្ញុំជាកីឡាករលឿនម្នាក់ ចូលចិត្តញាក់ និងរត់ល្បឿនមួយទល់មួយ ធ្វើឲ្យអ្នកគាំទ្ររំភើប និងបង្កើនឱកាសរកគ្រាប់បាល់ ដោយស៊ុតបញ្ចូលទីខ្លួនឯង និងបញ្ជូនឲ្យមិត្តរួមក្រុមជាដើម»។
គួរបញ្ជាក់ថា ATA Inia ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលជាមួយក្រុមយុវជនក្លិប Lazio FC ដែលជាក្លិបលេងនៅលីគកំពូលអ៉ីតាលី កាលពីឆ្នាំ២០១៤-២០១៥ មុនផ្ទេរមកកាន់ទឹកអូស្ដ្រាលី ដោយចូលរួមជាមួយយុវជនថ្នាលក្លិប Melbourne City FC ឆ្នាំ២០១៦-២០១៧។ តែ ៣រដូវកាលចុងក្រោយ ATA បានលេងក្របខណ្ឌលីគទី២ អូស្ដ្រាលី ជាមួយក្លិប Melbourne Knights FC ឆ្នាំ២០១៨-២០១៩ និងក្លិប Caroline Spings George Cross FC ឆ្នាំ២០២០ មុនផ្លាស់មកប្រកបអាជីពនៅកម្ពុជាលើកដំបូងនាឆ្នាំ២០២១ ខាងមុខ៕