(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុប Airbus ត្រូវគេរំពឹងថានឹងបន្តផ្តួលគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ក្នុងនាមជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេលើពិភពលោកសម្រាប់រយៈពេល២ឆ្នាំជាប់គ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

យោងតាមប្រភពនៅក្នុងឧស្សាហកម្មផលិតយន្តហោះ ក្រុមហ៊ុន Airbus ត្រូវបានរំពឹងថានឹងអាចប្រគល់យន្តហោះឲ្យអតិថិជនបានសរុបចន្លោះ៥៥០-៥៦០គ្រឿង នៅក្នុងឆ្នាំ២០២០ ខណៈគិតត្រឹមពេលនេះចំនួនយន្តហោះដែល Airbus ប្រគល់ឲ្យទៅអតិថិជនគឺបានចំនួនជាង ៥២០គ្រឿងហើយ ដោយនៅសល់ពេលជាង១សប្តាហ៍ទៀតមុនដាច់ឆ្នាំ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំទៅមិញ ការប្រគល់យន្តហោះរបស់ក្រុមហ៊ុន Airbus មានសន្ទុះជាខ្លាំងគឺដល់ទៅ១០០គ្រឿង ប៉ុន្តែឆ្នាំនេះហាក់មិនអាចបានច្រើនបែបនោះទៀតឡើយ។ ជារួមក្នុងឆ្នាំនេះ ការប្រគល់យន្តហោះសរុបរបស់ Boeing ត្រូវគេរំពឹងថានឹងធ្លាក់ចុះ៣៥ភាគរយ ដោយសារតែផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលវិបត្តិជំងឺ COVID-19 បង្កឡើងចំពោះក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក។

ដោយឡែក បើប្រៀបធៀបជាមួយក្រុមហ៊ុន Boeing គិតត្រឹមដំណាច់ខែវិច្ឆិកា Boeing ប្រគល់យន្តហោះឲ្យអតិថិជនបានត្រឹម១១៨គ្រឿងប៉ុណ្ណោះ នៅចំពោះមុខបញ្ហាយន្តហោះ 737 MAX ដែលមុនពេលមានបញ្ហាគឺជាប់ឈ្មោះជាត្រកូលយន្តហោះលក់ដាច់បំផុតរបស់ Boeing។ សម្រាប់ Airbus វិញ កាលពីចន្លោះខែមករា-វិច្ឆិកា ឆ្នាំ២០២០ គឺប្រគល់យន្តហោះបានដល់ទៅ៤៧៧គ្រឿងឲ្យអតិថិជន៕