(ពិភពលោក)៖ សមុទ្រគឺពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសនីមួយៗឱ្យមានការរីកចម្រើនខ្លាំងឡើង ខណៈនៅលើពិភពលោកយើងនេះ ប្រទេសទាំងឡាយមិនមែនសុទ្ធតែនៅជាប់សមុទ្រទាំងនោះទេ។ តើអ្នកដឹងទេថា មានប្រទេសប៉ុន្មានដែលមិននៅជាប់សមុទ្រ?
នៅលើពិភពលោក ប្រទេសដែលមិននៅជាប់សមុទ្រ (Landlocked) មានចំនួន ៤៤ ប្រទេស ហើយស្ថិតនៅលើទ្វីបចំនួន ៤ គឺទ្វីបអាមេរិកខាងត្បូង ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាស៉ី។
* ទ្វីបអាមេរិកខាងត្បូង
មានចំនួន ២ ប្រទេស រួមមាន៖ ប្រទេសបូលីវី និងប្រទេសប៉ារ៉ាហ្កាយ។
* ទ្វីបអឺរ៉ុប
មានចំនួន ១៤ ប្រទេស រួមមាន៖ ប្រទេសអង់ដូរ៉ា អូទ្រីស បេឡារុស សាធារណរដ្ឋឆែក ហុងគ្រី លិចតិនស្តាញ លុចសំបួ ម៉ាសេដ្វាន ម៉ូលដូវ៉ា សាំងម៉ារ៉ាំង សេប៊ី ស្លូវ៉ាគី ស្វីស និងបុរីវ៉ាទីកង់។
* ទ្វីបអាហ្វ្រិក
មានចំនួន ១៦ ប្រទេស៖ ប្រទេសបុតស្វាណា ប៊ូរុនឌី បួគីណាហ្វាសូ អាហ្វ្រិកកណ្ដាល ឆាដ អេត្យូពី ឡេសូតូ ម៉ាឡាវី ម៉ាលី នីហ្សេ រវ៉ាន់ដា ស៊ូដង់ខាងត្បូង ស្វាស៉ីឡង់ អ៊ូហ្កាន់ដា សំប៊ី និងប្រទេសស៉ីមបាវ៉េ។
* ទ្វីបអាស៉ី
មានចំនួន ១២ ប្រទេស៖ ប្រទេសអាហ្វហ្កានីស្ថាន អាមេនី អាស៊ែបៃហ្សង់ ប៊ូតង់ ឡាវ កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន ម៉ុងហ្គោលី នេប៉ាល់ តាហ្ស៉ីគីស្ថាន តួមេនីស្ថាន និងប្រទេសអ៊ូបេគីស្ថាន។
សូមជម្រាបថា មានតែទ្វីបអាមេរិកខាងជើង និងទ្វីបអូស្រ្តាលីទេ ដែលប្រទេសទាំងអស់សុទ្ធតែនៅជាប់សមុទ្រ។ នៅក្នុងសហរដ្ឋអាមេរិក ជាងពាក់កណ្តាលនៃរដ្ឋទាំង ៥០ គឺគ្មានព្រំប្រទល់ជាប់សមុទ្រដោយផ្ទាល់នោះទេ ក៏ប៉ុន្តែមានរដ្ឋជាច្រើនដែលមានផ្លូវទឹកចេញទៅកាន់មហាសមុទ្រ តាមរយៈជ្រោយ Hudson ជ្រោយ Chesapeake ឬទន្លេ Mississippi៕