(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កីឡាករ-កីឡាការិនីជយលាភីចំនួន ៣ប្រភេទកីឡា រួមមានកីឡាវ៉ូវីណាម កីឡាហ្គីលម៉ូដូ និងកីឡាប៉េតង់ ដែលដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាកាលពីឆ្នាំ២០១៩ នូវទឹកប្រាក់សរុបចំនួន ១,៤៣១លានរៀល។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានលោក ប៊ូ ជុំសេរី និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីក្រោមឱវាទ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជយលាភី ដែលរៀបចំក្រោមរបត់ថ្មី ដោយគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់ ត្រូវបានអនុវត្តតាមវិធានក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។
ចំពោះកីឡាវ៉ូវីវៀតណាម បានចូលរួមជើងឯកពិភពលោក លើកទី៦ នៅកម្ពុជាពីថ្ងៃទី១៦-២២ ខែធ្នូ ឆ្នាំ២០១៩ ដោយមាន ២៤ប្រទេសចូលរួម។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ៩គ្រឿង (ជយលាភី ២៥នាក់) មេដាយប្រាក់ ១០គ្រឿង (ជយលាភី ១៥នាក់) និងមេដាយសំរិទ្ធ ៩គ្រឿង (ជយលាភី ២៣នាក់) ទទួលបានប្រាក់រង្វាន់សរុប ១,១២១លានរៀល។
កីឡាតុងហ្គីលម៉ូដូ បានចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមាន ២១ប្រទេសចូលរួម។ ជាលទ្ធផល កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធ ៣គ្រឿង (ជយលាភី ៣នាក់) ទទួលបានប្រាក់រង្វាន់សរុប ៥២លានរៀល។
កីឡាប៉េតង់ បានចូលរួមប្រកួតជើងឯកអាស៊ី លើកទី៣ នៅវៀតណាមចាប់ពីថ្ងៃទី១៨-២២ ខែធ្នូ ឆ្នាំ២០១៩ មាន ១១ប្រទេសចូលរួម។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ៤គ្រឿង (ជយលាភី ១០នាក់) មេដាយប្រាក់ ១គ្រឿង (ជយលាភី ៣នាក់) និងមេដាយសំរិទ្ធ ១គ្រឿង (ជយលាភី ១នាក់) សរុបប្រាក់រង្វាន់ទទួលបានចំនួន ២៥៨លានរៀល។
លោក សុខ សប្បាយណា បានបញ្ជាក់ថា នេះគឺជាមោទកភាពមួយដែលកីឡាករ-កីឡាការិនី ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ ហើយបានបង្ហាញទង់ជាតិ លើឆាកអន្ដរជាតិ តាមរយៈការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ហើយលោកសង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់នឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមកិត្យានុភាពជូនជាតិ និងឈានទៅរកជោគជ័យនាស៊ីហ្គេម ឆ្នាំ២០២៣៕