(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា គ្រោងនឹងសាងសង់កន្លែងហ្វឹកហាត់ដ៏ធំមួយនាពេលឆាប់ៗខាងមុខ ដែលមានទីលានស្ដង់ដារអន្ដរជាតិចំនួន៣ បន្ថែមលើកីឡដ្ឋានរបស់ខ្លួនបច្ចុប្បន្ន គឺកីឡដ្ឋានព្រីនស៍។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុក ទីនាគ ប្រធានគ្រប់គ្រងគម្រោងសាងសង់ នៃក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។

លោក ស៊ុក ទីនាគ បានបញ្ជាក់ថា គម្រោងខាងលើមានឈ្មោះថា «THE DREAM VISAKHA TRAINING CAMP» ដែលក្លិបនឹងសាងសង់នៅរាជធានីភ្នំពេញលើផ្ទៃដីជាង ៤ហិចតា ក្នុងនោះមានទីលានធំចំនួន៣ (ពីរទីលាន ធ្វើពីស្មៅធម្មជាតិ និងមួយទីលានទៀត ធ្វើពីស្មៅសិប្បនិម្មិត) បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមទាំងកន្លែងហ្វឹកហាត់ ស្នាក់នៅ អាហារដ្ឋាន និងកន្លែងរៀនសូត្រជាដើម។

លោកបានបន្ដថា «គម្រោងនេះ នឹងចាប់ផ្ដើមសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងបញ្ចប់ក្នុងរយៈពេល ២៤ខែ។ គម្រោងនេះ ទី១-កើតចេញពីការស្រលាញ់ និងចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចូលរួមធ្វើយ៉ាងម៉េចឲ្យវិស័យកីឡាបាល់ទាត់កម្ពុជារីកចម្រើន ទី២-គឺចង់សម្រេចក្ដីសុបិនទៅដល់ប្អូនៗ ដែលចង់ក្លាយជាកីឡាករបាល់ទាត់អាជីព អាចសម្រេចក្ដីសុបិនរបស់ខ្លួន ដោយចូលរួមជាមួយក្លិបបាល់ទាត់វិសាខា។ ទី៣-ពេលគាត់ចូលរួមជាមួយក្លិប គាត់អាចរៀនសូត្រចំណេះដឹងថ្មីៗ លុតដំផ្លូវចិត្ត និងចរិតលក្ខណៈពួកគាត់ឲ្យក្លាយជាពលរដ្ឋល្អ សម្រាប់សង្គមជាតិ»

គួរបញ្ជាក់ថា បច្ចុប្បន្នវិសាខា គឺមានកីឡដ្ឋានផ្ទាល់ស្ថិតនៅក្នុងបុរីហ្គ្រេនភ្នំពេញ ដែលកំពុងពង្រីកកន្លែងអង្គុយបន្ថែម សម្រាប់ត្រៀមស្វាគមន៍ការប្រកួតនារដូវកាលថ្មី ដោយអាចផ្ទុកអ្នកទស្សនាបានប្រមាណ ១ម៉ឺននាក់។ ចំណែកគម្រោងសាងសង់កន្លែងហ្វឹកហាត់ខាងលើវិញ ក្លិបនៅមិនទាន់បញ្ជាក់ពីទីតាំងច្បាស់លាស់នោះទេ គ្រាន់តែលោក ស៊ុក ទីនាគ បង្ហើបថា គម្រោងនេះ ស្ថិតនៅក្នុងរាជធានីភ្នំពេញដែរ។ នេះគឺដំណឹងដ៏ភ្ញាក់ផ្អើលមួយទៀតសម្រាប់អ្នកគាំទ្រ ដ្បិតវិសាខា ទើបកកើតបានប៉ុន្មានឆ្នាំ តែបានពង្រីកខ្លួនគួរឲ្យកត់សម្គាល់៕