(ភ្នំពេញ)៖ នៅលើបណ្ដាញសង្គម Tik Tok កាន់តែពេញនិយមសម្រាប់មនុស្សម្នា លេងកម្សាន្តជាមួយបទចម្រៀងល្បីៗ ដូចយ៉ាងកុមារីម្នាក់ ដែលមានវ័យខ្ទង់ប្រមាណ៦-៧ឆ្នាំ បាននិងកំពុងទទួលការចាប់អារម្មណ៍ភ្លូក ទឹកភ្លូកដី ក្រោយរូបនាងចេញមកច្រៀងលេងបទ «ចង់សុំ Wifi» របស់លោក ខេម និង តន់ ចន្ទ សីម៉ា គឺមានអ្នកទស្សនាជិត ៦លាននាក់ និងអ្នកឲ្យបេះដូង ៧៧ម៉ឺន៣ពាន់នាក់។

តំណាងផលិតកម្ម Galaxy Navatra បានប្រាប់ Fresh News Plus ឲ្យដឹងថា កុមារីរូបនេះ ត្រូវបានគេដឹង ថាជាអ្នកមានទេពកោសល្យសិល្បៈមិនធម្មតា ដូច្នេះហើយជារឿយៗ គេឃើញវីដេអូសិល្បៈរបស់គេ ត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គមបន្តបន្ទាប់។ មានបទចម្រៀងជាច្រើន ត្រូវបានកុមារី មិនទាន់ស្គាល់ឈ្មោះនេះ យកមកច្រៀងក៏ដូចជាបញ្ចេញទេពកោសល្យ។ យ៉ាងណាក្នុងចំណោមនោះ មានតែ១បទប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ជាងគេបំផុត នោះគឺឃ្លីបចម្រៀងខ្លីបទ «ចង់សុំWifi» របស់លោក ខេម និង តន់ ចន្ទសីម៉ា។

វីដេអូនេះត្រូវបានបង្ហោះចូលលើបណ្ដាញសង្គមរបស់ចិន ដោយយុវតីម្នាក់ជាម្ដាយមីងកុមារី កាលពីពាក់កណ្ដាលខែកក្កដា រួមជាមួយវីដេអូជាច្រើនទៀត។ យ៉ាងណា ក៏ដោយឃ្លិបចម្រៀងខាងលើនេះ ទទួលបានអ្នក មើលយ៉ាងគំហុកគិតមកដល់ បច្ចុប្បន្នមានចំនួន ជិត៦លានដងមកហើយ។

មិនត្រឹមប៉ុណ្ណឹង នៅមានអ្នកចុច Like ច្រើនជាងគេថែមទៀតដល់ទៅជិត ១លាន និង Comment ជិត៣ពាន់ថែមទៀត ដែលភាគច្រើន គឺសរសើរកុមារីថា ឆ្លាត មានភាពក្លាហាន និងមានទេពកោសល្យសិល្បៈល្អមិនធម្មតាថែមទៀត។

ងាកទៅបទ «ចង់សុំWifi» ដើម របស់តារាចម្រៀងស្រីប្រុសមួយគូខាងលើ ក៏មានការពេញនិយមខ្លាំងសម្បើមដែរ។ បន្ទាប់ពីបានចេញផ្សាយនៅលើឆាណែល យូធូបរបស់ Galaxy Navatra កាលពីពាក់កណ្ដាលខែ កក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានតួលេខចុចចូលទស្សនា ដល់ទៅ ២៤លានដងរួចមកហើយ។ តួលេខនេះខ្ពស់បំផុត ក្នុងចំណោមបទចម្រៀងឆ្លងឆ្លើយរបស់ផលិតកម្មខាងលើ៕

@p_phanna

មកទៀតហើយអាយដល

♬ សំឡេង​ដើម - ?បង យ៉ា? - ?បង យ៉ា៚