(ភ្នំពេញ)៖ បន្ទាប់ពីរៀបការជាមួយភរិយាដ៏ស្រស់ស្អាត តារាសម្តែងប្រុសលោក ជុំ ស៊ីថា ហាក់មិនសូវលេចវត្តមានក្នុងការងារសិល្បៈនោះទេ តែអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺថ្មីៗនេះ ភរិយារបស់លោក សម្រាលបានកូនភ្លោះដល់ទៅ៣នាក់ ហើយរហូតមកដល់នឹងបច្ចុប្បន្ននេះ គឺនៅមិនទាន់សម្រេចដាក់ឈ្មោះបានឡើយ។ អ្វីដែលគួរឲ្យរំភើបជាងនេះ គឺកូនភ្លោះរបស់លោក ជុំ ស៊ីថា ទាំង៣នាក់ បានក្លាយជាចៅរបស់សម្ដេចតេជោ ហ៊ុន សែន ដូចទៅនឹងគ្រួសារកូនភ្លោះដទៃទៀត នាពេលកន្លងមក។

តារាសម្តែង ជុំ ស៊ីថា បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី២៣ ខែធ្នូនេះថា ភរិយារបស់លោកទើបតែសម្រាលបានកូនភ្លោះ ចំនួន៣នាក់ ក្នុងនោះប្រុសពីរនាក់ និងស្រីម្នាក់ តែមិនបានសម្រាលតាមបែបធម្មជាតិទេ ពោលគឺធ្វើការវះកាត់។ កូនប្រុសទី១ កើតនៅវេលាម៉ោង ៨៖០១ នាទីយប់, កូនស្រីទី២ កើតនៅវេលាម៉ោង ៨៖០៣ នាទីយប់ និងកូនប្រុសទី៣ កើតនៅវេលាម៉ោង ៨៖០៥ នាទីយប់។

លោក ជុំ ស៊ីថា បន្តថា កូនភ្លោះទាំង៣របស់លោក គឺកើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តែយ៉ាងណារហូតមកទល់នឹងពេលនេះ នៅមិនទាន់សម្រេចថា ដាក់ឈ្មោះអ្វីនោះទេ ហើយក្នុងនោះ លោកបានត្រៀមឈ្មោះ៥រួចមកហើយ តែមិនទាន់សម្រេច ព្រោះរង់ចាំលោកតា និងលោកយាយរបស់ចៅៗពិភាក្សាគ្នាសិន។

តារាសម្តែងរូបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយក្រៅពីទទួលបានកូនភ្លោះ ដល់ទៅ៣នាក់ហើយនោះ ដំណឹងនេះថែមទាំងបាន ដឹងដល់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកបន្តថា នៅមុននេះបន្តិច ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន ទើបតែទំនាក់ទំនងមកលោក ដើម្បីផ្តល់នូវអំណោយសប្បុរសធម៌របស់សម្តេចទាំងទ្វេ ជូនដល់ក្រុមគ្រួសាររបស់លោក។

សូមបញ្ជាក់ថា គ្រួសារតារាសម្ដែង ជុំ ស៊ីថា ជាគ្រួសារកូនភ្លោះ៣ លើកទី៣៦៣ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕