(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកកូរ៉េខាងត្បូង LG Electronics Inc បានថ្លែងឱ្យដឹងថា ខ្លួនបានយល់ព្រមបណ្ដាក់ទុន រួមគ្នា ជាមួយក្រុមហ៊ុន Magna International Inc ក្នុងទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន LG Electronics Inc និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំផ្លាស់រថយន្ត Magna International Inc បានឯកភាពគ្នា បណ្ដាក់ទុក ១ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងពង្រីកទីផ្សារបច្ចេកវិទ្យាគ្រឿងបំផ្លាស់រថយន្តនៅក្នុងទីផ្សារកំណើត និងក្រៅប្រទេស។

គម្រោងបណ្ដាក់ទុនរួមគ្នានេះ ត្រូវបានគេហៅឈ្មោះថា «LG Magna e-Powertrain» ដែលវានឹងក្លាយជារោងចក្រដ៏ធំមួយ ក្នុង ការផលិតនូវគ្រឿងអេឡិចត្រូនិកសម្រាប់រថយន្តដូចជា ម៉ូទ័រ ឧបករណ៍សាកថ្ម និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត សម្រាប់រថយន្តអេឡិចត្រូនិក។

គួរបញ្ជាក់ផងដែរថា Magna International Inc គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកសម្រាប់រថយន្តរបស់កាណាដា ដែល បច្ចុប្បន្នជាដៃគូសហការដ៏ល្បីរបស់ក្រុមហ៊ុន General Motors, Ford Motor Company, BMW, Mercedes, Volkswagen និង Tesla Motors ដោយកាលពីឆ្នាំ ២០១៨ រកប្រាក់ចំណូលបានជាង ៤០ពាន់លានដុល្លារអាមេរិក៕