(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) បានចាប់ផ្តើមសាកល្បងប្រើប្រាស់ កម្មវិធីផ្ទៀតផ្ទាត់សុខភាពឌីជីថលថ្មីមួយ ដែលនឹងអនុញ្ញាតឲ្យកម្មវិធីនេះ ពិនិត្យពីសុពលភាពលទ្ធផលធ្វើតេស្តរកវីរ៉ុស និងព័ត៌មានពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់អ្នកធ្វើដំណើរ, ដែលដាក់ប្រើសាកល្បងនេះមានគោលបំណង ចង់សម្រួលឲ្យមានការវិលត្រឡប់មកវិញ នៃការធ្វើដំណើរតាមផ្លូវអាកាស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។
ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍ បានរងការវាយប្រហារយ៉ាងខ្លាំង ដោយសារការរីករាលដាល នៃវីរ៉ុស COVID-19, ចំពេលដែលមានការបិទប្រទេស និងដាក់កំហិតព្រំដែនប្រទេស នៅជុំវិញពិភពលោក។
ក្រុមហ៊ុន SIA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ដំណើរការផ្ទៀងផ្ទាត់សុខភាពឌីជីថលថ្មីនេះ នឹងផ្តល់ «វិធីកាន់តែលឿន និងមានសុវត្ថិភាព» ក្នុងការពិនិត្យពីសុពលភាព ព័ត៌មានបញ្ជាក់ពីអត្តសញ្ញាណសុខភាព របស់អ្នកធ្វើដំណើរ ជាងពិធីសារដែលកំពុងមានស្រាប់ ហើយជួយបង្ហាញថា ប្រជាជន អាចវិលត្រឡប់ទៅធ្វើដំណើរ ជាមួយនឹងភាពជឿជាក់។
ស្ថិតក្រោមការសាកល្បង ដែលចាប់ផ្តើមនៅថ្ងៃពុធនេះ, អ្នកធ្វើដំណើរលើជើងហោះហើរ របស់ក្រុមហ៊ុន SIA ពីទីក្រុង Jakarta របស់ឥណ្ឌូនេស៊ី ឬក៏ទីក្រុង Kuala Lumpur របស់ម៉ាឡេស៊ី ដែលបានធ្វើតេស្តរកវីរ៉ុស COVID-19 នៅគ្លីនិក ដែលត្រូវបានជ្រើសរើស នៅក្នុងទីក្រុងទាំងពីរនោះ នឹងត្រូវផ្តល់វិញ្ញាបនប័ត្រឌីជីថល ឬវិញ្ញាបនប័ត្រសុខភាពក្រដាស ដែលមានលេខកូដ QR៕