(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានចាត់ទុកវត្តមានលោក Jose Alves Borges នាយកបច្ចេកទេសថ្មីរបស់ក្រុមជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នឹងផ្ដល់ផលល្អសម្រាប់ក្រុម និងរូបលោកផ្ទាល់ក្នុងការរៀនសូត្របន្ថែម ពីអតីតគ្រូបង្វឹកក្រុម Chiangrai United នេះ។

ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្រោយពេលថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ បានផ្ដល់សិទ្ធិពិសេសដល់បុរសសញ្ជាតិប្រេស៊ីលខាងលើក្នុងការផ្ដល់ការអប់រំដល់គ្រូបង្វឹកទាំងអស់ រួមទាំងលោក មាស ចាន់ណា ផងដែរ ក្រៅពីផ្ដោតលើការត្រួតពិនិត្យ និងការអភិវឌ្ឍសាលាបាល់ទាត់ណាហ្គានាខេត្តកំពង់ស្ពឺ។

លោក មាស ចាន់ណា បញ្ជាក់ថា «ចំពោះវត្តមានលោក Jose Alves Borges គឺវាល្អមែនទែនសម្រាប់ខ្ញុំ បានន័យថា ខ្ញុំបានរៀនពីគាត់បន្ថែម គាត់ជួយការងារផ្នែករៀបចំក្រុម និងការរៀបចំគ្រូផ្សេងៗ ក៏ដូចជាផ្នែក Academy នៅកំពង់ស្ពឺទៀតផង។ ចឹងវត្តមានរបស់គាត់ គឺជាឱកាសមួយល្អសម្រាប់ខ្ញុំ ដែលបានរៀនពីគាត់បន្ថែមផង ហើយខ្ញុំនឹងបានយោបល់ពីគាត់បន្ថែមទៀតក្នុងការរៀបចំក្រុម»

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A-License ដដែលបន្ដថា «ខ្ញុំរំពឹងថា គាត់នឹងជួយក្រុម និងការរៀបចំក្រុមឲ្យក្លាយជាក្រុមអាជីពមួយនាពេលអនាគត ក៏ដូចជាជួយក្រុម និងរៀបចំក្រុមឲ្យមានគុណភាពកីឡាករយុវជនច្រើនសម្រាប់ជួយដល់ឈុតធំ»។

សូមបញ្ជាក់ថា លោក Jose Alves Borges ធ្លាប់មានបទពិសោធជោគជាំក្នុងការបង្វឹកក្រុមយុវជន និងក្រុមធំ នៅប្រេស៊ីល ចិន មីយ៉ាន់ម៉ា ពិសេសនៅថៃ។ បុរសវ័យ ៦២ឆ្នាំរូបនេះធ្លាប់ដឹកនាំក្រុមធំៗជាច្រើនរួមមានក្លិប Tobacco Monopoly, Buriram United , Rajpracha, BBCU FC, Police Tero, PTT Rayong និងចុងក្រោយលោកដឹកនាំក្លិប Chiangrai United កាលពីឆ្នាំ២០១៩ កន្លងទៅ៕