(ម៉ាឌ្រីដ)៖ កីឡាករខ្សែការពារស្លាបស្តាំ Kieran Trippier ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស ប្រកាសព្យួរជើង ១០ប្រកួត និងពិន័យជាប្រាក់ប្រមាណ ៧០,០០០ផោនពីបទមានការជាប់ពាក់ព័ន្ធទៅនឹងការកំណត់លទ្ធផលទុកជាមុន កាលពីអំឡុងលេងឲ្យក្លិប Tottenham Hotspur នាឆ្នាំ២០១៩។
កីឡាករអង់គ្លេស វ័យ ៣០ឆ្នាំខាងលើនេះ នឹងត្រូវហាមឃាត់មិនឲ្យធ្វើសកម្មភាពទាំងឡាយណាដែលទាក់ទងនឹងបាល់ទាត់រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
នេះមានន័យថា Trippier នឹងអវត្តមានចំនួន ១៤ប្រកួតនៅ La Liga ពីក្រុមកំពូលតារាង Atletico Madrid ក្នុងនោះដែរក៏អវត្តមានជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពេលប៉ះតោខៀវ Chelsea របស់អង់គ្លេសទៀតផង តែអាចនឹងចូលលេងវិញបានពេល Atletico ប៉ះ Real Madrid ក្នុងជំនួប El Derbi នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយ FA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «Kieran Trippier ត្រូវព្យួរជើង ១០ប្រកួតបូករួមទាំងពិន័យជាទឹកប្រាក់ ៧០០០០ផោនទៀតផងពីបទធ្វើខុសទៅនឹងវិន័យរបស់ FA ដែលមានចេតនាកំណត់លទ្ធផលទុកជាមុន»។ តែយ៉ាងណា ខ្សែការពារដែលលេចធ្លោកាល World Cup 2018 នោះ បានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងឡាយថាខ្លួនមិនបានពាក់ព័ន្ធនោះទេ៕