(អាមេរិក)៖ ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បី IBM Corp បានយល់ព្រមបង់ប្រាក់ជាង ២៤លានដុល្លារអាមេរិក ដើម្បីបញ្ចប់ការចោទប្រកាន់ ក្រោយពេលគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) របស់អាមេរិកបានរកឃើញថា ក្រុមហ៊ុនមួយនេះបានល្មើសនឹងច្បាប់ “E-Rate” នៅតាមសាលារៀន និង បណ្ដាល័យជាច្រើន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា FCC បានស៊ើបអង្កេត និងបានរក ឃើញថា ក្រុមហ៊ុន IBM បានរំលោភ និងល្មើសច្បាប់ចំនួនពីរ ក្នុងការតភ្ជាប់បណ្ដាញ “E-Rate” នៅតាមសាលារៀន និង បណ្ដាល័យក្នុងទី ក្រុងញ៉ូវយ៉ក និងនៅស្រុក El Paso អស់រយៈពេល ១៥ឆ្នាំ។
ក្រុមហ៊ុន IBM បានយល់ព្រមបង់ប្រាក់ ២៤.២៥លានដុល្លារអាមេរិកឱ្យទៅមូលនិធិសេវាកម្មជាសកល (Universal Service Fund ) សម្រាប់បញ្ចប់ការចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភច្បាប់ “E-Rate” ប៉ុន្តែក្រុមហ៊ុន IBM មិនបានសារភាពថាខ្លួនបានប្រព្រឹត្តកំហុស នោះទេ។
យោងតាមការស៊ើបអង្កេតរបស់ FCC បានរកឃើញថា ក្រុមហ៊ុន IBM បានឈ្នះក្នុងការដេញថ្លៃផ្គត់ផ្គង់ឧបករណ៍អ៊ីនធើណែតនៅតាម សាលារៀន ក្នុងទីក្រុងញ៉ូវយ៉ក និងនៅស្រុក El Paso កាលពីឆ្នាំ២០០៥ និង ២០០៨ ប៉ុន្តែក្រុមហ៊ុន IBM មិនបានសប្បាយចិត្តនោះទេ បើទោះបីជាខ្លួនបានឈ្នះក៏ដោយ ជាពិសេសគឺក្រុមហ៊ុន IBM បានបំពាក់នូវឧបករណ៍ដែលមានគុណភាពអន់សម្រាប់ប្រើប្រាស់នៅតាម សាលារៀន និងបណ្ដាល័យទាំងនោះ។
ក្រុមហ៊ុន IBM បានថ្លែងថា «យើងបានធ្វើនូវអ្វីដែលជារឿងត្រឹមត្រូវ ប៉ុន្តែការចោទប្រកាន់នេះវាហាក់ដូចជាមិនយុត្តិធម៌សម្រាប់យើង»។
លោក Ajit Pai អគ្គនាយក FCC បាននិយាយថា ការផ្គត់ផ្គង់នូវឧបករណ៍ដែលមិនល្អ វានាំឱ្យប៉ះពាល់ដល់ប្រតិបត្តិការ ជាពិសេសគឺ បញ្ហា សុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដូច្នេះហើយ IBM ត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ៕