(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនគឺ Alibaba កំពុងត្រូវអាជ្ញាធរចិនបើកការស៉ើបអង្កេតជុំវិញការសង្ស័យថា ប្រើប្រាស់យុទ្ធសាស្រ្តរកស៉ីបែបផ្តាច់មុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នួ ឆ្នាំ២០២០។

អាជ្ញាធរត្រួតពិនិត្យទីផ្សារអាជីវកម្មរបស់រដ្ឋាភិបាលចិនហៅកាត់ថា SAMR បានប្រកាសបើកការស៉ើបអង្កេតលើក្រមហ៊ុន Alibaba Group នៅថ្ងៃព្រហស្បតិ៍នេះ។ កន្លងមកអាជ្ញាធរនិយ័តកម្មចិនក៏ធ្លាប់បានព្រមាន Alibaba ដែរ អំពីការបង្ខិតបង្ខំឈ្មួញលក់ដូរឲ្យចុះកិច្ចព្រមព្រៀងផ្តាច់មុខ ដែលរារាំងពួកគេមិនឲ្យលក់ផលិតផលនៅតាមក្រុមហ៊ុនដទៃទៀត ដែលជាគូប្រជែងរបស់ខ្លួនបានឡើយ។ យុទ្ធសាស្រ្តនេះត្រូវគេហៅថា «យុទ្ធសាស្រ្តជ្រើសយកមួយក្នុងចំណោមពីរ»

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនដូចជា Alibaba និង Tencent កំពុងតែប្រឈមមុខជាមួយការតាមដានក៏ដូចជា ពិនិត្យពិច័យយ៉ាងល្អិតល្អន់ជាទីបំផុត ពីសំណាក់រដ្ឋាភិបាលចិន ដែលព្រួយបារម្ភអំពីទំហំនិងឥទ្ធិពលរបស់ក្រុមហ៊ុនទាំងនេះ ដែលកាន់តែកើនឡើងខ្លាំងទៅៗ។ អាជ្ញាធរចិនបារម្ភអំពីអ្នកប្រើប្រាស់រាប់លាននាក់ ដែលក្រុមហ៊ុនទាំងនេះប្រមូលបាន ហើយនិងឥទ្ធិពលដែលពួកគេមានលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន រួមមានទាំងការទិញទំនិញ និងការទូទាត់ប្រាក់ជាដើម៕