(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ កញ្ញា ខេង សម្ផស្ស ត្រូវបានគេដឹងថា នាងបានក្លាយជាតារាចម្រៀងពេញសិទ្ធិហើយ នៅក្នុងផលិតកម្ម Zone ដែលមានលោក អ៊ុច រ៉ាវុឌ្ឍ ជាចាងហ្វាងផលិតកម្ម អមដោយតារាចម្រៀងប្រុសស្រី ជាច្រើនដួងទៀត។ ប៉ុន្តែអ្វីដែលធ្វើមហាជន មានការភ្ញាក់ផ្អើលមិនស្ទើរនោះ គឺគ្រាន់តែតារាចម្រៀង ខេង សម្ផស្ស ចូលផលិតកម្ម Zone ភ្លាម រូបនាងត្រូវបានលោក អ៊ុច រ៉ាវុឌ្ឍ យកចិត្តទុកដាក់ ទទួលស្វាគមន៍យ៉ាងកក់ ក្ដៅខុសប្លែកពីតារាដទៃក្នុងទ្រនំ និងថែមទាំងចេញមុខនិពន្ធបទថ្មី ឲ្យនាងច្រៀងផ្ទាល់ដៃទៀតផង។
ការយកចិត្តទុកដាក់ប្លែក ខុសពីតារាចម្រៀងដទៃទៀត ក្នុងទ្រនំតែមួយបែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រកើតក្ដីសង្ស័យ ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ថាអាចមានអ្វីលើសពីមេកើយ នៅក្នុងផលិតកម្ម ខណៈដែលកន្លងមក លោកចាងហ្វាងកម្រចេញមុខនិពន្ធបទ ឲ្យតារាចម្រៀងណាមួយច្រៀងណាស់ ពោលគឺផលិតកម្ម មានអ្នកនិពន្ធ មានអ្នកគ្រប់គ្រង តាមផ្នែកនីមួយៗ តាមការចាត់តាំងរបស់ចាងហ្វាងរូបនេះរួចហើយ។
ជុំវិញចម្ងល់ និងការសង្ស័យនេះ លោក អ៊ុច រ៉ាវឌ្ឍ បានថ្លែងប្រាប់ Fresh News Plus ថា តាមការពិតលោកគ្មានទំនាក់ទំនងពិសេសណាមួយ ជាមួយនឹងតារាចម្រៀង ខេង សម្ផស្ស នោះទេ ពោលគឺគ្មានអ្វីក្រៅពីមេកើយធម្មតាៗ ដែលតែងតែយកចិត្តទុកដាក់ លើតារាចម្រៀងគ្រប់រូបក្នុងផលិតកម្ម ដើម្បីទទួលការគាំទ្រ ពីមហាជនដូចៗគ្នា។ លោកថា តារាចម្រៀង ខេង សម្ផស្ស មានទេពកោសល្យ និងសំឡេងល្អ អាចទទួលបានការគាំទ្រពីទស្សនិកជន ក្នុងរយៈពេលខ្លី ទើបចម្រៀងមួយបទនេះ គឺជាកិច្ចស្វាគមន៍សម្រាប់នាងចូលមកក្នុងផលិតកម្ម។
ដោយឡែកតារាចម្រៀង ខេង សម្ផស្ស វិញ ក៏បានថ្លែងប្រាប់ Fresh News Plus ដើម្បីបញ្ជាក់ឲ្យមហាជនដឹងថា រវាងរូបនាង និងលោកចាងហ្វាងផលិតកម្ម ពុំមានអ្វីពិសេសដែលបង្កឲ្យមហាជនសង្ស័យនោះទេ ហើយការដែលមានទ្រនំមួយកក់ក្ដៅ សម្រាប់សាងកេរ្តិ៍ឈ្មោះក្នុងវិថីសិល្បៈ ក៏ជាក្ដីប្រាថ្នារបស់ខ្លួនយូរមកហើយដែរ។ នាងបន្តថា រូបនាងនឹងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព តាមអ្វីដែលថ្នាក់គ្រប់គ្រងចាត់តាំងឲ្យ ហើយសង្ឃឹមថាមហាជន និងបន្តគាំទ្ររូបនាង និងតារាផ្សេងៗទៀត ក្នុងផលិតកម្ម Zone ទាំងអស់ ព្រោះតែផលិតកម្មនឹងមានអ្វីថ្មីប្លែកជាច្រើនទៀត សម្រាប់ឆ្នាំថ្មី។
សូមបញ្ជាក់ថា បទចម្រៀងដំបូងដែលលោក អ៊ុច រ៉ាវឌ្ឍ ផ្ដល់ដល់កញ្ញា ខេង សម្ផស្សច្រៀង មានចំណងជើងថា «អូនល្ងង់» ហើយត្រូវបានគេទម្លាយថា លោកចាងហ្វាងផលិតកម្មរូបនេះ ខិតខំសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងចង់ឲ្យនាងចេញបទថ្មីនៅផលិតកម្ម Zone ភ្លាម ផ្ទុះការចាប់អារម្មណ៍ពីពុកម៉ែបងប្អូនភ្លែត ពិសេសគឺមិត្តយុវវ័យតែម្ដង៕