(ប៉ារីស)៖ ក្លិបបាល់ទាត់ Paris Saint-Germain បានចែកផ្លូវជាមួយគ្រូបង្វឹក Thomas Tuchel ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ មុនពេលកិច្ចសន្យាចាស់នៅសល់រយៈពេល ៦ខែទៀត។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ វ័យ ៤៧ឆ្នាំខាងលើនេះបានដឹកនាំ PSG មានរយៈពេល ២ឆ្នាំកន្លះមកហើយ ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំនៅកីឡដ្ឋាន Parc des Princes គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ មក ជំនួសកៅអីលោក Unai Emery ដែលត្រូវបានបញ្ចប់តំណែងដូចគ្នា។
អតីតគ្រូបង្វឹកក្លិប Borussia Dortmund, Tuchel បានដឹកនាំ Paris ឈ្នះជើងឯក Ligue 1 បាន ២រដូវកាលជាប់គ្នា ជាមួយពាន French League Cup និង French Cup ផងដែរ ជាពិសេសដឹកនាំក្រុមជើងឯកបារាំងមួយនេះឡើងដល់វគ្គ ផ្តាច់ព្រ័ត្រពាន UEFA Champions League ជាប្រវត្តិសាស្រ្ត ទោះចាញ់ Bayern Munich ក៏ដោយ។
លោក Thomas Tuchel បានដឹកនាំ PSG បំបាក់ក្រុមភ្ញៀវ Strasbourg ក្នុងលទ្ធផល ៤-០ បន្តឈរនៅលេខ៣ ក្នុងតារាង Ligue 1 ដេញតាមពីក្រោយក្រុមកំពូលតារាង Lyon និង Lille ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី១៧ ជើងទី១ នេះ។
ថ្មីៗនេះដែរ PSG ក៏បានកំពុងទាក់ទងលោក Mauricio Pochettino ដើម្បីមកជំនួសកន្លែងលោក Tuchel នៅពេលដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន វ័យ ៤៨ឆ្នាំខាងលើនេះពុំមានក្លិបណាដឹកនាំឡើយ ក្រោយពេលក្លិបអង់គ្លេស Tottenham Hotspur បញ្ចប់តំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ មក៕