(រុស្ស៊ី)៖ កម្មវិធីផ្ញើសារ Telegram នឹងចាប់ផ្តើមឲ្យមានការបង់ប្រាក់ថ្លៃសេវាកម្ម នៅក្នុងឆ្នាំ២០២១, នេះបើតាមការបញ្ជាក់ពីស្ថាបនិកជនជាតិរុស្ស៊ី លោក Pavel Durov នាថ្ងៃពុធនេះ ស្របពេលដែលក្រុមហ៊ុន កំពុងមានការរីកចម្រើន ដែលត្រូវការការចំណាយ «យ៉ាងហោចណាស់ពីរបីរយលានដុល្លារ ក្នុងមួយឆ្នាំ», នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។
«Telegram នឹងចាប់ផ្តើមបង្កើតប្រាក់ចំណូល ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ», នេះបើតាមលោក Durov បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោកបន្ថែមថា «យើងនឹងចាប់ផ្តើមដំណើរការមុខងារថ្មីៗរាប់មិនអស់ ហើយនឹងស្វាគមន៍អ្នកប្រើប្រាស់ថ្មី រាប់ពាន់លាននាក់»។
Durov វ័យ៣៦ឆ្នាំ បានបញ្ជាក់ថា លោកមិនមានគម្រោងក្នុងការលក់ក្រុមហ៊ុននោះទេ ដូច្នេះចាំបាច់ត្រូវរកមធ្យោបាយផ្សេងទៀតដើម្បីរកថវិកា។
កម្មវិធី Telegram ជាទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពមួយ នៅបណ្តាប្រទេសមួយចំនួន ភាគច្រើនប្រទេសជាអតីតសហភាពសូវៀត និងអ៉ីរ៉ង់ ហើយត្រូវបានប្រើប្រាស់ទាំងនៅក្នុងការទំនាក់ទំនងឯកជនផង និងការចែករំលែកព័ត៌មានផងដែរ។
Telegram បានទាក់ទាញអ្នកប្រើប្រាស់សកម្ម ជិត៥០០លាននាក់ ចាប់តាំងពីបើកឲ្យប្រើប្រាស់ដោយលោក Durov និងបងប្អូនប្រុសរបស់លោក Nikolai ក្នុងឆ្នាំ២០១៣។
យ៉ាងណាក៏ដោយ លោកស្ថាបនិក បានបញ្ជាក់ថា នឹងមានមុខងារចំនួន៣ ដែលនៅតែបន្តប្រើប្រាស់ដោយឥតគិតថ្លៃ៕