(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បានធ្វើការទាត់ចោលចំពោះព័ត៌មានដែលបានចុះផ្សាយថា ខ្សែប្រយុទ្ធ Mohamed Salah មិនសប្បាយចិត្តជាមួយក្លិប។
ថ្មីៗនេះ Salah បានប្រាប់កាសែតអេស្ប៉ាញមួយថា គាត់មានការខកចិត្តដែលមិនបានធ្វើជាប្រធានក្រុម Liverpool នៅពេលប៉ះគូប្រជែង FC Midtjylland របស់ដាណឺម៉ាកនៅ UEFA Champions League ដែល Trent-Alexander Arnold ត្រូវបានតែងតាំងជាប្រធានក្រុមទៅវិញ។
កីឡាករអន្តរជាតិអេហ្ស៊ីបវ័យ ២៨ឆ្នាំខាងលើនេះ ក៏ធ្លាប់បានបដិសេធមិនព្រមផ្ទេរទៅក្លិបអេស្ប៉ាញ Real Madrid ឬក៏ FC Barcelona ទៀត នៅពេលកំពុងមានភាពកក់ក្តៅជាមួយក្លិបអង់គ្លេស Liverpool នៅពេលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅ Anfield រហូតដល់ឆ្នាំ២០២៣ ឯណោះ។
ទាក់ទងនឹងបញ្ហានេះ លោក Klopp បានថ្លែងប្រាប់ថា «Mo កំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អក្នុងក្រុម។ នោះគឺជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ។ យើងមិនមានរូបភាព [ពីកន្លែងហ្វឹកហាត់] នៅព្រឹកនេះទេ ប៉ុន្តែប្រសិនមាន អ្នកនឹងបានឃើញគាត់សើចច្រើន»។
តែយ៉ាងណា Salah បានចូលលេងក្នុងនាមជាកីឡាករបម្រុង ហើយរកបាន ២គ្រាប់ក្នុងជ័យជម្នះ ៧-០ ទៅលើម្ចាស់ផ្ទះ Crystal Palace នៅ Premier League កាលពីសប្តាហ៍មុន ដែលធ្វើឲ្យក្រុមការពារតំណែងជើងឯក Liverpool បន្តក្តោបក្តាប់កំពូលតារាងដដែល៕