(អាមេរិក)៖ មានសេចក្តីរាយការណ៍មកថា ក្រុមហ៊ុន Microsoft បាននិងកំពុងតែធ្វើឱ្យប្រសើរឡើងនូវកម្មវិធី Microsoft Word ដោយបានបំពាក់នូវបច្ចេកវិទ្យា AI ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យអក្ខរាវិរុទ្ធ ប៉ុន្តែប្រើបានតែអនឡាញប៉ុណ្ណោះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tech Rada នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ចំពោះកម្មវិធី Microsoft Word ដែលប្រើជាមួយប្រព័ន្ធដំណើរការ Windows 10 នឹងត្រូវបញ្ចូលបច្ចេកវិទ្យាសញ្ញាសិប្បនិមិត្ត AI ដើម្បីជួយសម្រួលដល់ការវាយអត្ថបទ ព្រោះ AI នឹងធ្វើការត្រួតពិនិត្យ និងកែតម្រូវអក្ខរាវិរុទ្ធដោយស្វ័យប្រវត្តិ និងរហ័សបំផុត។
មិនត្រឹមតែជួយកែអក្ខរាវិរុទ្ធប៉ុណ្ណោះទេ បច្ចេកវិទ្យា នឹងជួយឆែកវេយ្យាករណ៍ ព្រមទាំងណែនាំអ្នកថា ការប្រើប្រាស់វេយ្យាករណ៍របស់អ្នកពុំត្រឹមត្រូវ។
មុខងារថ្មីនេះ ត្រូវបាន Microsoft ហៅឈ្មោះថា Microsoft Editor ដែលវាត្រូវបានបន្ថែមបញ្ចូលទៅក្នុងកម្មវិធី Microsoft Word ជាលក្ខណៈ Tool ដោយប្រើ AI ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Microsoft នឹងដាក់ឲ្យប្រើប្រាស់ជាលក្ខណៈទូទៅបាននៅពេលណានោះទេ ខណៈដែលពេលនេះប្រើបានតែនៅលើអនឡាញ៕