(កូរ៉េ)៖ តារាចម្រៀងស្រី IU កំពុងតែធ្វើឲ្យអ្នកគាំទ្រកោតសរសើរគ្រប់គ្នា ដោយបានធ្វើអំពើសប្បុរសធម៌ ក្នុងថ្ងៃអបអរសាទរបុណ្យណូអែលឆ្នាំនេះ តាមរយៈការបរិច្ចាគទឹកប្រាក់ដល់សិស្ស-និស្សិត ដែលកំពុងខ្វះខាតលទ្ធភាព ខណៈចំនួនទឹកប្រាក់ដែលតារាស្រីដួងនេះបានបរិច្ចាគ គឺប្រហែល ៩១,០០០ដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
ជាការកត់សម្គាល់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មូលនិធិកុមាររបស់កូរ៉េ (the Green Umbralla Children’s Foundation) បានបង្ហាញថា តារាចម្រៀងស្រី IU បានបរិច្ចាគទឹកប្រាក់ចំនួន ១រយលានវ៉ុន ប្រហែលនឹង ៩១,០០០ដុល្លារ សម្រាប់ជួយដល់សិស្ស-និស្សិត ក្នុងការទិញសម្ភារៈសិក្សាផ្សេងៗ និងអ្វីដែលជាតម្រូវការចាំបាច់របស់ពួកគេ។
គួរជម្រាបថា តារាចម្រៀងល្បីរបស់កូរ៉េ IU ជានិច្ចកាលតែងតែធ្វើការបរិច្ចាគប្រាក់ដល់ជនខ្វះខាត និងបំពេញការងារសប្បុរសធម៌ផ្សេងៗជាច្រើនទៀត ខណៈកាលពី៥ខែមុន IU ទើបតែបានបរិច្ចាគប្រាក់ ១រយលានវ៉ុន ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ និងបានបរិច្ចាគអាវប្រភេទ Cooling Vests ដែលមានតម្លៃប្រហែល ១រយលានវ៉ុនទៀតដល់បុគ្គលិកសុខាភិបាលជួរមុខ។ បន្ថែមពីនេះ នាងក៏ធ្លាប់បានបរិច្ចាគប្រាក់ចំនួន ៥០លានវ៉ុន ប្រហែល ៤៥,០០០ដុល្លារ ដល់ជនខ្វះខាត និង ៥០វ៉ុនដល់ស្ត្រីមេម៉ាយផងដែរ៕