(បរទេស)៖ ឧទ្យានកម្សាន្ត Naverland Ranch របស់អតីតតារាប៉បល្បីឈ្មោះ Michael Jackson ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ានោះ ត្រូវបានរាយការណ៍មកថា បានលក់ទៅឲ្យមហាសេដ្ឋីម្នាក់ ដែលត្រូវជាអតីតមិត្តភ័ក្តរបស់ Michael Jackson ឈ្មោះ Ron Burkle ក្នុងតម្លៃ ២២លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

បើតាមទស្សនាវដ្ឋី the Wall Street Journal បានរាយការណ៍ថា មហាសេដ្ឋីប្រាក់លាន លោក Ron Burkle បានចំណាយប្រាក់ ២២លានដុល្លារ ដើម្បីទិញយកឧទ្យានកម្សាន្តរបស់អតីតតារាប៉បល្បីឈ្មោះ Michael Jackson។

ដំបូងឡើយ កាលនៅមានជីវិត អតីតតារាចម្រៀង Michael Jackson បានចំណាយប្រាក់ចំនួន ១៩.៥លានដុល្លារក្នុងការទិញយកឧទ្យានកម្សាន្តមួយនេះ។ កាលពីឆ្នាំ២០១៦ ឧទ្យានកម្សាន្តមួយនេះបានដាក់លក់លើទីផ្សារក្នុងតម្លៃ ១០០លានដុល្លារអាមេរិក ប៉ុន្តែមួយឆ្នាំក្រោយមកបានធ្លាក់នៅសល់ ៦៧លានដុល្លារអាមេរិក។

កំឡុងពេលដែល ឧទ្យានកម្សាន្ត Naverland Ranch ត្រូវបានដាក់លក់ក្នុងឆ្នាំ ២០១៥ អ្នកជំនាញផ្នែកអចលនទ្រព្យបាននិយាយថា តម្លៃស្នើសុំគឺមានភាពសុទិដ្ឋិនិយម ដោយបានចោទប្រកាន់បែបមិនសមហេតុផល ពីបទរំលោភសេពសន្ថវៈលើកុមារ ដែលបានកើតឡើយនៅទីនោះ នៅក្នុងឆ្នាំចុងក្រោយ មុនពេល Michael Jackson ស្លាប់នៅឆ្នាំ ២០០៩។

គួរជម្រាបថា ឧទ្យានកម្សាន្ត Naverland Ranch មានទំហំ ១១៦១ ម៉ែត្រការ៉េ និងមានអាងហែលទឹកទំហំ ៣៤៤ ម៉ែត្រការ៉េ។ អចលនទ្រព្យនេះមានអគារដាច់ដោយឡែកមួយដែលមានរោងកុនមួយ មាន៥០កៅអី និងស្ទូឌីយោរាំផងដែរ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបស់មហាសេដ្ឋី Ron Burkle បាននិយាយថា គំនិតរបស់លោក Burkle ចំពោះអចលនទ្រព្យទំហំ ១,០៩៣ ហិចតា ដែលនៅក្បែរតំបន់ Santa Barbara នេះ នឹងជាឱកាសល្អមួយសម្រាប់វិនិយោគនាពេលអនាគត៕