(អាស៊ាន)៖ នៅលើពិភពលោកយើងនេះ ប្រទេសដែលមានរោងចក្រអគ្គិសនីនៅលើភ្នំភ្លើង គឺមានមិនច្រើននោះទេ ពីព្រោះថាកិច្ចការនេះពិតជាចំណាយថវិកាច្រើនណាស់ ប៉ុន្តែយ៉ាងហោចណាស់គេក៏បានឃើញរោងចក្រអគ្គិសនីប្រភេទនេះ មានវត្តមាននៅក្នុងប្រទេសសមាជិកអាស៊ានផងដែរ។ តើអ្នកដឹងទេ ប្រទេសមួយណាដែលសមត្ថភាពសម្រេចបានសមិទ្ធផលដ៏លំបាកនេះ?
ជួរភ្នំអាប៉ូ (Apo) គឺជាប្រភពថាមពលកម្ដៅក្រោមដីដ៏ពិសេសមួយ សម្រាប់ផលិតជាថាមពលអគ្គិសនីប្រើប្រាស់ ពីព្រោះតែវាធ្លាប់ជាភ្នំភ្លើងមួយដែលបានផ្ទុះរួចទៅហើយ។
រដ្ឋាភិបាលហ្វីលីពីនបានជ្រើសរើសទីតាំងនោះ បង្កើតជារោងចក្រអគ្គិសនីដ៏ធំមួយ ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅលើកោះមិនដាណាវ (Mindanao)។ រោងចក្រអគ្គិសនីនៅលើភ្នំភ្លើងដែលកំពុងមានសភាពក្ដីងំនេះ មានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ជាង ១០០ មេហ្កាវ៉ាត់ ដែលជាប្រភពថាមពលក្រោមដីដ៏សំខាន់របស់ប្រទេសហ្វីលីពីន។
ទោះបីអតីតភ្នំភ្លើងនេះបានផ្ទុះរួចទៅហើយក្ដី ប៉ុន្តែមិនមានការបញ្ជាក់អំពីការផ្ទុះលើកចុងក្រោយនោះឡើយ។
សូមជម្រាបថា ភ្នំអាប៉ូនេះ ត្រូវបានអ្នកស្រុកហ្វីលីពីនហៅថា ភ្នំអាប៉ូសាន់ដាវ៉ា (Apo Sandawa) ដែលជាភ្នំភ្លើងអសកម្មដ៏ធំមួយស្ថិតនៅលើកោះមិនដាណាវ។ វាជាភ្នំខ្ពស់ជាងគេនៅក្នុងប្រទេសហ្វីលីពីន ដែលមានកម្ពស់ ២,៩៥៤ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ៕