(ប៉េកាំង)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញ និងបច្ចេកវិទ្យាយក្សរបស់ចិន Alibaba កំពុងស្ថិតក្រោមការស៊ើបអង្កេតពីនិយ័តករចិន ជុំវិញការ អនុវត្តនយោបាយផ្ដាច់មុខ ដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារសេរី ឬទីផ្សារប្រកួតប្រជែង ជាពិសេសគឺការប្រើប្រាស់ឥទ្ធិពល ដើម្បីទទួលបាន ផលប្រយោជន៍យ៉ាងច្រើនសន្ធឹក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលរដ្ឋរបស់ចិន សម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) បានប្រកាសជាផ្លូវការថា ពួកគេកំពុងតែស៊ើបអង្កេតទៅលើក្រុមហ៊ុនចិន Alibaba ករណីដែលបង្ខំឱ្យឈ្មួញ (អ្នកលក់) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់ផ្ដាច់មុខ និងការរារាំងឈ្មួញមិនឱ្យលក់ទៅក្រុមហ៊ុនផ្សេង ឬក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង។
SAMR បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាន និងកំពុងតែព្រួយបារម្ភខ្លាំង ពីអំណាចរបស់ក្រុមហ៊ុន Alibaba និង Tencent ដែលពួកគេប្រើប្រាស់ឥទ្ធិពល នៅលើអនឡាញរបស់ពួកគេ ជាពិសេសគឺការទូទាត់ប្រាក់តាមអនឡាញ ដើម្បីធ្វើការប្រកួតប្រជែង ដោយមិនស្មោះត្រង់។
ក្រុមហ៊ុន Alibaba ដែលមានលោក Jack Ma ជាក្បាលម៉ាស៊ីនធំ បានខឹងនឹងរដ្ឋាភិបាលចិនម្ដងរួចទៅហើយ បន្ទាប់ពីបានរារាំង និងផ្អាក មិនឱ្យក្រុមហ៊ុន Ant Group ឬ Alipay ចុះបញ្ជីផ្សារហ៊ុន៕