(ហ្សូរិច)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោកយុវជនអាយុក្រោម ១៧ឆ្នាំ និង ២០ឆ្នាំដែលនឹងត្រូវធ្វើឡើងនាឆ្នាំក្រោយនេះ ត្រូវបាន FIFA ប្រកាសលើកពេលទៅធ្វើនៅឆ្នាំ២០២៣ វិញ ដោយសារតែការរីករាលដាលនៃជំងឹ Covdi-19។
FIFA បានប្រកាសពីការពន្យារពេលនៃកម្មវិធីទាំងពីរខាងលើដែល U20 គ្រោងធ្វើនៅប្រទេសឥណ្ឌូនេស៊ី គ្រាដែល U17 នឹងធ្វើឡើងនៅប្រទេសប៉េរូ ត្រូវបានលើកទៅប្រកួតនៅឆ្នាំ២០២៣ ដូចគ្នា ដោយពុំទាន់កំណត់ថ្ងៃបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់ FIFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel News Asia បានឲ្យដឹងថា «ដោយហេតុតែជំងឹ Covid-19 នៅបន្តរាតត្បាតឥតឈប់ឈរទាំងក្នុងប្រទេសដែលត្រូវធ្វើម្ចាស់ផ្ទះផងនោះ FIFA បានសម្រេចពន្យារពេលទាំងពីរកម្មវិធី ដើម្បីចៀសវាងការធ្វើដំណើរប្រកបដោយហានិភ័យផងដែរ»។
តែយ៉ាងណា FIFA នៅតែបន្តធ្វើការយ៉ាងខ្ជាប់ខ្ជួនជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងប៉េរូ ដើម្បីធានាបានគ្មានអ្នកកើត ឬចម្លង Covid-19 នៅឆ្នាំ២០២៣៕