(ភ្នំពេញ)៖ តើគ្រប់តារាចម្រៀងល្បីៗ ដែលទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា សុទ្ធតែមិនដែលបានឆ្លងកាត់ការបាក់ទឹកចិត្ត ឬបរាជ័យម្តងណាមែនទេ? ចង់ដឹងទេថាលោក ឆាយ វីរៈយុទ្ធ តារា​ចម្រៀង​សំឡេង «ផ្អែម» ធ្លាប់ឆ្លងកាត់ការបរាជ័យ និងបាក់ទឹកចិត្តរហូតដល់ចង់ឈប់ពីអាជីពចម្រៀងយ៉ាងណាខ្លះ​ ពេលប្រឡូកក្នុងវិស័យនេះ? ហើយមកដល់បច្ចប្បន្ននេះ លោកទទួលបានជោគជ័យអ្វីខ្លះ? ហើយមានទ្រព្យសម្បត្តិអ្វីខ្លះ? ព្រមទាំងមានទម្លាប់អ្វីជាប្រចាំថ្ងៃ?

* អំពីជីវិតគ្រួសារ៖
លោក ឆាយ វីរៈយុទ្ធ (ឈ្មោះកំណើត ឆាយ ចាន់​ឆោម) កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨២ មានស្រុកកំណើត ភូមិពោធ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពុងចាម។ ក្នុងគ្រួសារមានបងប្អូន៧នាក់ ស្រី២នាក់ និងប្រុស៥នាក់ លោកជាកូនទី៦។ ឪពុកលោកឈ្មោះ ឆយ គឹមឆាយ ជាអតីតមន្ត្រីយោធា និងម្តាយជាអតីតគ្រូបង្រៀន​ឈ្មោះ គង់​ ឡាយស៊ី។ សព្វថ្ងៃលោកមានភរិយាឈ្មោះ សែ ចាន់ឌី មានកូនស្រីម្នាក់ឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី, អាយុជាងមួយខួប (១៣ខែ)។

*អំពីការសិក្សា៖
គម្រប់អាយុ៨ឆ្នាំកុមារ ចាន់ឆោម (ឈ្មោះកំណើត ឆាយ​ ចាន់​ឆោម) ក្នុងឆ្នាំ១៩៩០ត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅរៀន នៅសាលាបឋមសិក្សាពាម រៀននៅទីនោះបាន៣ឆ្នាំ ដល់ឆ្នាំ១៩៩៣ ក៏បានប្តូរមករៀននៅសាលាបឋមសិក្សា អង្គរបាជ័យវិញ។ រៀនបានតែ១ឆ្នាំ ក៏បានផ្លាស់ទៅរស់នៅជាមួយបងស្រីនៅកំពុងធំ ហើយក៏បានចូលរៀននៅសាលាព្រះសីហនុ (ខេត្តកំពង់ធំ) បាន១ឆ្នាំប៉ុណ្ណោះ ក៏ប្តូរមករៀននៅភ្នំពេញនៅវិទ្យាល័យឥន្ទ្រទេវី រហូតដល់ប្រឡងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០០៥។ ក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ លោកក៏បានបន្តការសិក្សានៅមហាវិទ្យាល័យ ជាតិគ្រប់គ្រងផ្នែកពាណ្ជិសាស្ត្រ តែលោករៀនបាន២ឆ្នាំ ក៏ព្យួរការសិក្សាហូតមក។ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា កាលនៅរៀនលោករៀនមិនពូកែទេ ដោយសារលោកតែងឆ្លៀតយកពេលសិក្សា ទៅជួយកិច្ចការងារឪពុកម្តាយ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

* អំពីប្រវិត្តិក្នុងវិស័យសិល្បៈនិងស្នាដៃ៖
ថ្វីបើកុមារ ឆាយ​ ចាន់​ឆោម រៀនមិនសូវពូកែ និងបានពន្ទុមិនល្អតែកុមារ ឆាយ​ ចាន់​ឆោម តែងតែត្រូវបានលោកគ្រូនិងមិត្តរួមថ្នាក់ សំណូមពរឲ្យច្រៀងក្នុងថ្នាក់ ដោយ ​ឆោម ច្រៀងបានពីរោះ និងក៏បានការសរសើរពីមិត្តរូមថ្នាក់ និងរួមសាលា។ ចំណូលចិត្តនិងទេពកោសល្យពីកុមារនេះហើយ ដែលញ៉ាំងឲ្យកុមារឆោម មិនលះបង់ទេពកោសល្យនេះ ​រួមនឹងការលើកទឹកចិត្តពីឪពុកម្តាយផងនោះ​ និងក្រោយពេញរូបរាងជាយុវវ័យ និងបានមករស់នៅ និងបន្តការសិក្សានៅភ្នំពេញផង យុវជន ឆោម ក៏ឆ្លៀតពេលល្ងាចៗពិការសិក្សា សុំគេច្រៀងតាមបៀហ្គាឌេន ដែលពេលនោះ ទទួលបានប្រាក់តាមការឲ្យ និងការយោគយល់ពីម្ចាស់ហាង។ តែមិនបានច្រើននោះទេ គឺប្រហែល ៣០ដុល្លារបុណ្ណោះក្នុងមួយខែ តែបានការអាណិត និងចូលចិត្តពីភ្ញៀវអ្នកទៅកំសាន្ត ​និងស្តាប់តែងឲ្យប្រាប់ឧបត្ថម្ភ (លុយធីប)​ខ្លះៗ។ នៅឆ្នាំ២០០៣ ក្រោយពីការតស៊ូ និង​ស្របពេលមានការណែនាំខ្លួនលោកឲ្យស្គាល់ អ្នកគ្រប់គ្រងផលិតកម្ម «រស្មីស្ទឹងសែន» លោកក៏មានឱកាសថត CD ពេលនោះ។

វ៉ុលដំបូងរបស់លោក ដែលយើងនៅចាំបាននោះមានបទ «ត្រឹម​១នាទី»។ តែតាមការឲ្យដឹង​ពីលោក​ ឆាយ វីរៈយុទ្ធ​ ថា «វ៉ុលដំបូងននេះគួរតែសប្បាយចិត្ត តែបែរជាធ្វើឲ្យ​លោកបាក់ទឹកចិត្តទៅវិញ ព្រោះថាវ៉ុលដំបូងនេះ មិនសូវទាន់មានអ្នកគាំទ្រឡើយ»។ អនុស្សាវរីយនេះ​លោកក៏ធ្លាប់ សរសេរលើទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនម្តង ពីប្រវត្តិវិវឌ្ឍខ្លួនចូលសិល្បៈដំបូងថា «ដំបូងខ្ញុំ​បាក់​ទឹក​ចិត្ត និង​គ្មាន​កម្លាំង​ចិត្ត​បន្ត​ការ​ច្រៀង​ទៀត​ទេ ​នៅ​ពេល​បទ​ចម្រៀង​ចេញ​ហើយ​ មិនសូវ​មាន​អ្នក​គាំទ្រ។ ខ្ញុំ​ចង់​ឈប់​ពី​អាជីព​ជា​អ្នក​ចម្រៀង​នេះ»។ ប៉ុន្តែក្រោយពីលោក​ឪពុក​និងអ្នកម្ដាយ​ចេះ​តែ​ជំរុញ​លើក​ទឹក​ចិត្ត និង​ឲ្យព្យាយាម​ថែម​ទៀត លោកក៏បន្ត​ការតស៊ូទៀត។

ក្រោយមក លោក ឆាយ វីរៈយុទ្ធ ក៏​បាន​ផ្លាស់​ប្ដូរ​មកផលិតកម្ម​ Blue Diamond ក្រោយផលិតកម្ម «រស្មីស្ទឹងសែន» បិទទ្វារ ព្រោះមិនអាចប្រឈមនឹងការលួចកូពីជាខ្លាំងនាពេលនោះ។ ក្នុងផលិតកម្ម Blue Diamond វ៉ុលដំបូង​របស់​លោក ​​មាន​ចំណង​ជើង​ថា «កិច្ច​សន្យា​ស្នេហ៍» វ៉ុលដំបូងនេះ ​ទទួល​បាន​ការ​ពេញ​និយម ពីស្រទាប់យុវវ័យ និងអ្នកស្តាប់ក៏ដូចអ្នកនិយម karaoke។ ​កេរ្តិ៍​ឈ្មោះ​របស់​លោក ក៏​ត្រូវ​គេ​ស្គាល់​បន្ត​បន្ទាប់មក។ ជ្រកក្រោមផលិតកម្ម Blue Diamond បាន១ឆ្នាំ ក៏បានប្តូរមកផលិតកម្ម M វិញ។ ដោយធ្វើជាតារាចម្រៀងក្នុងផលិតកម្មទាំង២នេះ មិនមានកិច្ចសន្យារយៈពេលវែងទេ​ ជាហេតុនាំឲ្យ លោក​ ឆាយ វីរៈយុទ្ធ​ ប្តូរមកផលិតកម្ម សាន់ដេ វិញក្រោយបង្ហាញវត្តមានក្នុងផលិតកម្ម M បាន២ឆ្នាំ។​ កំឡុងឆ្នាំ​២០១២ រហូតមកដល់បច្ចុប្បន្ន នៅក្នុងផលិតកម្ម សាន់ដេ​ លោក ឆាយ វីរៈយុទ្ធ បានបន្សល់ស្នាដៃចម្រៀងរាប់រយបទ​ ដែលក្នុងនោះមានដូចជា «​ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» «បងពីមុនឆ្កួតបាត់ហើយ» «សង្សាលួចលាក់» «លុយបងមិនដល់គេ» បទទាំងនេះជាបទពេញនិយម នៃយុវវ័យក៏ដូចអ្នកនិយម karaoke។ ស្ថិតក្រោមផលិតកម្ម សាន់ដេ​ ជិតដប់ឆ្នាំឆ្លងកាត់ការសម្តែង MV​ រាប់រយ​បទ លោកក៏បានសម្តែងភាពយន្ត២រឿងផងដែរ គឺរឿង «វិញ្ញាណបិសាចជញ្ជក់ឈាម»​ និងរឿង «ព្រាយក្បាលប្រាំបី»

មកដល់ឆ្នាំ២០២០នេះ គឺរយៈពេល១៨ឆ្នាំហើយ ក្រៅពីស្នាដៃខាងលើ លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានការទាក់ទាញ ពីប្រជាជនខ្មែរនៅក្រៅស្រុកផងដែរ ដោយលោកត្រូវបានការ​អញ្ជើញ ចេញទៅសម្តែងជារឿយៗ នៅក្រៅប្រទេសដូចជា ប្រទេស​បារាំង អាមេរិក កាណាដា​ ជាដើម និងទទួបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

* អំពីជីវិតស្នេហា៖
ក្នុងភាពជាតារាចម្រៀងលំដាប់ប្រទេសមួយរូបដែរ តែពុំដែលលេចឮស្នេហាគួរជាការចាប់អារម្មណ៍អ្វីឡើយ ពេលលេចឮគឺលោកត្រៀមចូលរោងការតែម្តង គឺនាឆ្នាំ២០១៧។ លោកបានចូលរោងការជាមួយ កូនក្រមុំរបស់លោកមានឈ្មោះ សែ ចាន់ឌី ជាកូនស្រីឈ្មួញស្រូវអង្ករដ៏ល្បីមួយក្នុងខេត្តកំពង់ចាម។​ ពិធីមង្គលការនោះមានភ្ញៀវអ្នកជំនួញ និងអ្នកសិល្បៈគ្រប់ផលិតកម្មចូលរួមយ៉ាងកុះករ។ បច្ចុប្បន្នលោកមានកូនស្រីម្នាក់ មានអាយុជាង១ឆ្នាំ​ ជាទីស្រឡាញ់របស់គ្រួសារលោក និងលោកតាលោកយាយទាំងសងខាង។

* អំពីជំនួញក្រៅពីសិល្បៈ៖
ចំពោះជំនួញក្រៅពីសិល្បៈវិញ ក្នុងដៃលោកកំពុងគ្រប់គ្រង ក្រុមហ៊ុនអាជីវកម្ម​ស្រូវអង្ករមានឈ្មោះថា​ «ស្តេចអង្ករ» មានដេប៉ូចែកចាយចំនួន៨សាខា ក្នុងប្រទេសកម្ពុជា។ ក្រៅពីផ្គត់ផ្គង់តំរូវការសម្រាប់ប្រជាជនក្នុងប្រទេស ក្រុមហ៊ុន «ស្តេចអង្ករ» ក៏បាននាំចេញទៅក្រៅប្រទេស​ តែនៅមានលក្ខណៈទ្រង់ទ្រាយតូចនៅឡើយ ដោយលោកបាននិងកំពុងរៀបចំបន្ថែមម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសម្ងួតស្រូវ។ ក្រៅពីជំនួញស្រូវអង្ករខាងលើនេះ លោកនៅមានអាជីវកម្ម អចលនទ្រព្យ (ជាដីឡូតិ៍ ផ្ទះល្បែង ផ្ទះវីឡា) ជាច្រើនកន្លែងផ្សេងទៀតដូចជា នៅភ្នំបាសិទ្ធ, ព្រះសីហនុ, កំពង់ឆ្នាំង, មណ្ឌលគិរី, ភ្នំពេញ។ តាមការស្វែងរក និងការឲ្យដឹងពីលោក ឆាយ វីរៈយុទ្ធ ថាគម្រោងអាជីវកម្មអចលនទ្រព្យជា (ដីឡូតិ៍, ផ្ទះល្វែង, ផ្ទះវីឡា) ដំណើរការបណ្តើរៗ។

* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត៖
ថ្វីបើជារាល់ថ្ងៃ លោករវល់នឹងមុខជំនួញក៏ពិតមែន តែលោកថា លោកមិនចោលសិល្បៈចម្រៀងឡើយ លោកនៅតែរក្សាពេលវេលាមួយផ្នែកធំ សម្រាប់សិល្បៈចម្រៀង ទម្លាប់លោកត្រូវហាត់ច្រៀង​ហាត់រាំជាប្រចាំ ក្រៅពីនោះលោកហាត់ប្រាណនៅផ្ទះ និងទម្លាប់មួយទៀតគឺអានសៀវភៅ។ ការអានសឿវភៅបានផ្តល់ដល់លោក នូវចំណេះដឹងច្រើនក្នុងវិស័យជំនួញ និងចំណេះដឹងទូទៅ។ ចំពោះចំណីអាហារវិញ លោកញ៉ាំបានគ្រប់មុខ ទាំងម្ហូបខ្មែរ ចិន យួន និងអឺរ៉ុប ​តែចំពោះគ្រឿងស្រវឹងតិចតួចបំផុត និងញ៉ាំទឹកសុទ្ធច្រើន។ លោកទម្លាប់ទៅដល់មុន៥នាទី គ្រប់ការងារណាត់ជួបភ្ញៀវ និងការងារសិល្បៈ។ លោកមានការរួសរាយ ជាមួយបុគ្គលិកការងារ និងអ្នកគាំទ្រលោក​។ សព្វថ្ងៃលោកជិះរថយន្តទំនើបប្រភេទ SUV ឆ្នាំ២០១៩ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ និងផ្ទះរស់នៅសព្វថ្ងៃផ្ទះ២ល្វែង នៅក្នុងតំបន់​កាំកូស៊ីធី ដែលជាតំបន់ដ៏មានសក្តានុពល៕