(ភ្នំពេញ)៖ បន្ទាប់ពីបានស្វះស្វែងរកជំនួយបន្តបន្ទាប់ ដើម្បីជួយដល់មណ្ឌលកុមារកំព្រា ដែលខ្លួនធ្លាប់រស់នៅ កាលមិនទាន់ចូលធ្វើជាតារាសម្តែងនោះ លោក លី សុខគីមសាន ហៅប្រុសខួច កាលពីថ្ងៃទី២៥ ខែធ្នូ បាននាំយកអំណោចជាច្រើន ដែលជាសម្ភារៈសិក្សារ និងរបស់ប្រើប្រាស់ចាំបាច់នានា ទៅចែកជូនក្មេងៗនៅមណ្ឌលកុមារកំព្រារ សម្រាប់ឱកាសបុណ្យណូអែលឆ្នាំនេះ។
ស្ថិតក្នុងពេលវេលានោះ តារាសម្តែងប្រុសខួច បានសម្តែងអារម្មណ៍រីករាយជាខ្លាំង ក្នុងនាមជាអ្នកស្វះស្វែងរកជំនួយ និងបាននាំយកអំណោចទៅចែកជូនក្មេង តាមសេចក្តីត្រូវការបស់ពួកគេ។ ជាក់ស្តែង តាមរយៈវីដេអូដែល ប្រុសខួច បានចែកចាយលើបណ្តាញសង្គមគឺបង្ហាញយ៉ាងច្បាស់ថា ក្មេងៗនៅមណ្ឌលកុមាកំព្រា គឺពិតជាសប្បាយរីករាយជាខ្លាំង ពេលទទួលបានអំណោយពីសប្បុរសជន ដែលជាផ្នែកមួយជួយសម្រេចក្តីស្រម៉ៃរបស់ពួកគេ ក្នុងការមានសម្ភារៈសិក្សារគ្រប់គ្រាន់។
តារាសម្តែង ប្រុសខួច បានថ្លែងប្រាប់ Fresh News Plus ថាថវិកាដែលលោកទទួលបានពីសប្បុរសជន គឺមានចំនូន ១៨០៤ដុល្លារអាមេរិក ហើយលោកបានយកថវិកានោះ មកចាត់ចែងក្នុងការទិញសៀវភៅ ប៉ិច កាបូប និងរបស់ប្រើប្រាស់ចាំបាច់នានាសម្រាប់កុមារកំព្រា ដែលពួកគេកំពុងមានតម្រូវការ សម្រាប់ត្រៀមខ្លួនចូលរៀនឆាប់ៗខាងមុខ ក៏ដូចជាដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងរបស់ពួកគេ ក្នុងការរស់នៅប្រចាំថ្ងៃ។
គួរជម្រាបថា មូលហេតុដែលជំរុញឲ្យ លោក លី សុខគីមសាន ហៅប្រុសខួច ស្វះស្វែងរកជំនួយទៅជួយដល់កុមារកំព្រារនៅពេលនេះ គឺដោយសារតែលោកធ្លាប់ឆ្លងកាត់ជីវិតដូចក្មេងៗទាំងនោះ និងធ្លាប់រស់នៅមណ្ឌលនោះជាច្រើនឆ្នាំផងដែរ។ មុនចូលសិល្បៈ លោកធ្លាប់ទៅរស់នៅ មណ្ឌលកុមារកំព្រារ ខេត្តបន្ទាយមានជ័យជាង៤ឆ្នាំ ដោយសារតែឪពុកម្ដាយបានបែកបាក់គ្នា ហើយក៏បានទៅធ្វើការនៅប្រទេសថៃ ក្រោយវិលប្រឡប់មកស្រុកកំណើតវិញ ក៏តស៊ូរហូតក្លាយជាតារាសម្តែង ទទួលបាន ប្រជាប្រិយភាពដូចបច្ចុប្បន្ន៕