(ភ្នំពេញ)៖ ខណៈខែធ្នូ នៃឆ្នាំ២០២០នេះ កំពុងតែខិតចូលមកដល់ទីបញ្ចប់ វិទ្យាស្ថានស្រាវជ្រាវធុរៈកិច្ចរបស់កូរ៉េ បានបង្ហាញឈ្មោះក្រុមចម្រៀងប្រុសស្រីល្បី ដែលមានប្រជាប្រិយភាពបំផុតប្រចាំខែធ្នូនេះ។ ក្នុងនោះ ក្រុម BTS ឈរនៅលេខរៀងទី១, ក្រុម BLACKPINK ឈរនៅលេខរៀងទី២ និងក្រុម NCT ឈរនៅលេខរៀងទី៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

ក្រុមចម្រៀង BTS នៅតែរក្សាជំហរក្លាយជាក្រុមច្រៀង ដែលឈរនៅលំដាប់កំពូលប្រចាំខែធ្នូនេះ ដែលទទួលបានប្រជាប្រិយភាពបំផុត ជាមួយសន្ទស្សន៍ចំណាត់ថ្នាក់ចំនួន ១៨,៩៧២,០៩០ កើនឡើង ១២.៥៤ ភាគរយគិតចាប់តាំងពី ខែវិច្ឆិកា។

BLACKPINK ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមក្រុមចម្រៀងមានប្រជាប្រិយភាពប្រចាំខែធ្នូនេះ ជាមួយសន្ទស្សន៍ចំណាត់ថ្នាក់ចំនួន ៨,៤០១,៨៧៤ កើនឡើង ៥៣.២០ ភាគរយ គិតចាប់តាំងពីខែវិច្ឆិកា។

ងាកមកក្រុម NCT វិញបានក្លាយជាក្រុមចម្រៀងទី៣ ដែលមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះប្រចាំខែធ្នូនេះ ជាមួយសន្ទស្សន៍ចំណាត់ថ្នាក់ចំនួន ៧,៩៨៥,៨៩៦ កើនឡើង ២៩.៥៣ ភាគរយ គិតចាប់តាំងពីខែវិច្ឆិកា។

គួរជម្រាបថា ចំណាត់ថ្នាក់នេះរាប់បញ្ចូន តាមរយៈការចាប់អារម្មណ៍ពីមហាជន, ប្រជាប្រិយភាពក្នុងបណ្តាញសង្គម, និងការប្រមូលទិន្នន័យនានា ក្នុងរយៈពេលមួយខែចាប់តាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ឆ្នាំទី២៦ ខែធ្នូ ឆ្នាំ២០២០៕