(ក្រុងឡុងដ៍)៖ Frank Lampard ដែលជាអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea ដែលមានកម្មវិធីប្រកួតដ៏មមាញឺក ត្រឹមរយៈពេល ៤៨ម៉ោងត្រូវលេង ២ប្រកួត។

Chelsea ត្រូវប៉ះកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃសៅរ៍ មុនពេលជួប Aston Villa នៅថ្ងៃចន្ទដែលចាប់ផ្តើមនៅម៉ោង ៥៖៣០នាទីដូចគ្នា (ម៉ោងនៅអង់គ្លេស) សម្រាប់ជើងទី១ ក្នុងលីគកំពូលអង់គ្លេស Premier League។
អ្នកចាត់ការសញ្ជាតិអង់គ្លេស Lampard បានថ្លែងក្នុងសន្និសីទមុនប៉ះ Arsenal ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Dailymail ថា «ខ្ញុំបានដឹងយ៉ាងច្បាស់ថានឹងមានអ្វីកើតឡើង ក៏ព្រោះតែកម្មវិធីប្រកួតញាប់ៗគ្នាពេក។

យើងលេងទល់នឹង Arsenal នៅថ្ងៃ Boxing Day មុនពេលបន្តជួប Aston Villa នៅរាត្រីថ្ងៃចន្ទដែលយើងសុំពន្យារពេលមិនបាន»។

លោកថា «យើងទាំងពីរ (Chelsea និង Villa) បានស្នើសុំឲ្យពន្យារពេលប៉ះគ្នាពីថ្ងៃចន្ទទៅថ្ងៃអង្គារវិញ តែខាង Premier League និងប្រព័ន្ធផ្សព្វផ្សាយមិនអនុញ្ញាតឡើយ ហើយនោះសំណាងហើយ ដែលជំនួបរវាងតោខៀវជួប Manchester City ត្រូវបានលើកទៅប្រកួតនៅថ្ងៃអាទិត្យវិញនោះ»

Chelsea ទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម ៣ប្រកួតក្នុងលីគប្រចាំខែធ្នូនេះ ហើយពួកគេនឹងឡើងទៅឈរនៅ ចំណាត់ថ្នាក់លេខ២ ក្នុង Premier League ប្រសិនបើការប្រកួតរវាង Leicester City ទល់នឹង Manchester United បញ្ចប់ក្នុងលទ្ធផលស្មើគ្នានៅក្បាលព្រលប់នេះប្រចាំសប្តាហ៍ទី១៥៕